(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោស តាមច្បាប់។
ការថ្លែងរបស់សម្តេច ស ខេង យ៉ាងដូច្នេះធ្វើឡើងក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការ នគរបាលជាតិ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា នៅកម្ពុជាល្បែងស៊ីសងមាន២សណ្ឋាន រួមមាន ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសង មិនស្របច្បាប់។ មន្ត្រីកងកំលាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាលដល់សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
សម្តេចក្រឡាហោម បានថ្លែងទៀតថា ល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមមូលដ្ឋានកន្លង មកមានដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធ័រណែត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភា្នលទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានាទៀត ដែលជ្រកក្រោមល្បែងក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។
សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃនឹងបង្កើតនាយកដ្ឋានបង្ក្រាបល្បែងស៊ីសងមួយទៀត ដើម្បីជំរុញការបង្ក្រាប ឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កំពុងបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងបណ្តាស្ថាប័នពាក់ព័ន្ធ នានាទៀត កំពុងបង្កើតសេចក្តីព្រាងច្បាប់ គ្រប់ល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណ និងត្រូវដាក់ជូនទៅរដ្ឋសភា នៅពេលឆាប់ៗនេះ។
ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកាស៊ីណូបើកល្បែងស្របច្បាប់មានអាជ្ញាប័ណ្ណ ១៦៨កាស៊ីណូ ក្នុងនោះ៦៥កាស៊ីណូ បានបង្កើតឲ្យមានល្បែងតាមអនឡាញ ។ ផ្អែកតាមគោលការណ៍នោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាប័ណដល់កាស៊ីណូ៧៧ ក្នុងនោះ៧២កន្លែង បានកំពុងធ្វើសកម្មភាព និងបានបង់ថវិកាជូនរដ្ឋទៀងទាត់ ក្នុងនោះមាន ល្បែងតាមអនឡាញ៣១ កន្លែងផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀថា សម្រាប់ល្បែងខុសច្បាប់ដែលមានបើកលួចលាក់ បង្ក្រាបក្នុងរយៈពេល១០ខែឆ្នាំ២០១៦នេះ បាន៥២០ករណី និងចាប់ឃាត់ខ្លួនជនល្មើសបានមួយចំនួនទៀត៕