(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទិ្ធកម្ពុជា បានថ្លែងថា ការដែលយើងប្រឡូកចូលក្នុងកិច្ចការងារសង្គម ជួយទៅដល់ជនងាយរងគ្រោះ និងរងគ្រោះបំផុតនឹងបង្រៀនឱ្យយើងមានភាពជឿជាក់ខ្លួនឯង និងចេះធ្វើការងារជាក្រុម ដោយសារតែយើងអាចរៀនពីអ្នកជុំវិញខ្លួន ដែលមិនមានបង្រៀននៅតែសាលានោះទេ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម» ដែលរៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងបន្ដថា «ការងារសង្គមបង្រៀនឱ្យយើងមានភាពជឿជាក់ខ្លួនឯង និងចេះធ្វើការងារជាក្រុម ហើយការងារសង្គមបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់បងប្អូន ដោយឲ្យយើងដឹងពីការងារសង្គមមានអ្វីខ្លះ ហើយចេះបង្កើតទំនាក់ទំនង រវាងគ្នានិងគ្នា។ ការងារសង្គមនេះ គឺមិនប្រកាន់អាយុ ឬវ័យណានោះទេ គឺចាប់ផ្ដើមធ្វើតាំងពីតូចៗគឺកាន់តែល្អ ហើយការងារសង្គមនេះ គឺចាប់ផ្ដើមចេញពីរឿងតូចឡើងទៅ ដូចជាជួយការងារផ្ទះរបស់ឪពុកម្ដាយយើង នៅសាលារៀន, ជួយអ្នកងាយរងគ្រោះ អ្នកខ្សត់ខ្សោយជាងយើងនៅក្នុងមូលដ្ឋាន និងសហគមន៍យើងជាដើម»

នេះគឺជាលើកទី៥ហើយនៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់សារគន្លឺះសំខាន់ៗ របស់បងស្រី ដែលជាអគ្គស្នងការសមាគម។

ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជុំវិញពីភពលោក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក។

ក្នុងឳកាសដែលលោកជំទាវបណ្ឌិតធ្វើជាវាគ្មិនកិត្តិយសនេះ លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ល្អៗ ក្នុងការប្រឡូកការងារសង្គមតាំងពីគ្រាដំបូង ព្រមទាំងបានចែករំលែកនូវសារគន្លឹះសំខាន់ ៤ចំណុច ដល់យុវតីផងដែរដូចជា៖ មិនត្រូវធ្វើរឿងអវិជ្ជមានដល់សង្គមជាដាច់ខាត, ត្រូវខិតខំសិក្សាចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ដើម្បីធ្វើឱ្យខ្លួនមានសមត្ថភាព និងគុណភាពដើម្បីអាចជួយសង្គមជាតិបាន, ត្រូវមានគុណធម៌ សីលធម៌ និងសុជីវធម៌ថ្លៃថ្នូ និងចែករំលែកជួយដល់អ្នកទន់ខ្សោយ, បណ្ដុះគំនិតត្រូវតែស្រលាញ់ជាតិយើង ព្រោះគ្មានជាតិសាសន៍ណាមកស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។

កម្មវិធី «បងស្រី និងប្អូនស្រី» គឺជាផ្នែកមួយនៃសកម្មភាពរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ស្រ្តីទី១របស់កម្ពុជា ជាអគ្គស្នងការ។

សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សាអប់រំ និងបណ្ដុះនូវភាពជាអ្នកដឹកនាំដល់ពួកគេ។ នេះគឺបេសកកម្មយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕