(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា នៅក្នុងកាលៈទេសៈមួយដែលក្មេងជំនាន់ក្រោយមិនបានដឹងអំពីប្រវត្តិសាស្រ្ត ឬរបបខ្មៅងងឹត ដែលធ្លាប់កើតមានឡើងនៅក្នុងប្រទេសរបស់ខ្លួន ស្របនឹងមានអ្នកនយោបាយមួយចំនួនបានកាឡៃសច្ចធម៌ប្រវត្តិសាស្រ្ត នោះអាចធ្វើឱ្យកម្ពុជាយើងមានគ្រោះថ្នាក់។ ការបញ្ជាក់របស់ លោករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា កាលណាមនុស្សជំនាន់ក្រោយភ្លេចប្រវត្តិសាស្រ្ត នោះប្រទេសនឹងគ្រោះថ្នាក់ដូចគ្នា ព្រោះពេលកន្លងមក រហូតដល់បច្ចុប្បន្នមានអ្នកនយោបាយប្រឆាំងមួយក្ដាប់តូចតែងតែប្រើប្រាស់ពាក្យពេជន៍កាឡៃប្រវត្តិសាស្រ្ត និងសច្ចៈភាពពិតរបស់សង្គម ដើម្បីញុះញង់ប្រជាពលរដ្ឋ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
នៅក្នុងយុគសម័យថ្មី ប្រជាធិបតេយ្យ សេរី ពហុបក្ស គឺគេប្រើប្រាស់ការបោះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាល តែគណបក្សនយោបាយ ឬក្រុមអ្នកនយោបាយមួយក្រុមតូចនោះបែជាតែងតែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត មកជាការចង់ផ្ដួលរំលំដោយកម្លាំងបាយ ដោយហិង្សាទៅវិញ នេះជាសញ្ញាមួយបញ្ជាក់នថា អាចនឹងទាញប្រទេសធ្លាក់ទៅអតីតកាលខ្មៅងងឹតវិញ។ នេះគឺជាការបញ្ជក់បន្ថែមពីលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖