(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មិនបានប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិឡើយ តែបានផ្ដល់នូវយុត្តិធម៌ និងការពោរដល់អ្នករងគ្រោះនាសម័យនោះ។ ការបញ្ជាក់បែបនេះពីលោករដ្ឋលេខាធិការបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងលើ បានបន្តថា កម្ពុជាមិនមែនជាប្រទេសដំបូងគេបានបង្កើតច្បាប់នេះឡើយ ប៉ុន្តែមានប្រទេសជាច្រើនទៀតលោកពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អឺរ៉ុប ដែលមានរហូតដល់ទៅ១៧ប្រទេស បានបង្កើតនូវច្បាប់ស្រដៀងគ្នានេះ ដូចជាអាល្លឺម៉ង បារាំង អ៊ីតាលី ជាដើម។ ហើយមានប្រទេសខ្លះបានកំនត់ដាក់ទណ្ឌកម្មធ្ងន់ជាងប្រទេសកម្ពុជាយើងទៅទៀត ជុំវិញការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មដែលបានកើតឡើង នៅក្នុងប្រទេសរបស់ខ្លួន។
បន្ថែមពីនេះលោក សេង ឌីណា បានបញ្ជាក់ថា ច្បាប់នេះមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិសោះឡើយ តែផ្ទុយទៅវិញគឺជាការផ្ដល់នូវយុត្តិធម៌ និងការគោរពដល់អ្នករងគ្រោះទាំងអស់នៅក្នុងរបបខ្មែរក្រហមនេះ និងដើម្បីកុំឱ្យមានប្រវត្តិសាស្រ្តច្រំដែរ នៅក្នុងប្រទេសកម្ពុជារបស់យើង។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖