(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងថា ការបង្កើតច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មខ្មែរក្រហម គឺដើម្បីកុំឱ្យរបបនេះកើតឡើងមកវិញ នាំឱ្យមានប្រវត្តិសាស្រ្តច្រំដែល និងដើម្បីផ្ដល់យុត្តិធម៌ដល់អ្នករងគ្រោះក្នុងសម័យនោះ។ ការបញ្ជាក់របស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ច្បាប់នេះមានភាពចាំបាច់ និងសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសគឺជាច្បាប់មួយដើម្បីទប់ស្កាត់ បង្ការកុំឱ្យមានរបបប្រល័យពូជសាសន៍កើតឡើងសាជាថ្មីនៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានឆ្លងកាត់របបនេះ លើកលែងតែក្មេងជំនាន់ក្រោយកើតក្រោយឆ្នាំ១៩៧៩ ឬថ្ងៃរំដោះ ៧ មករា ១៩៧៩។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀត ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ «ខ្មែរក្រហម» នេះក្រៅតែពីផ្ដល់យុត្តិធម៌ និងការគោរពទៅដល់វិញ្ញាណក្ខន្ធ អ្នកបានស្លាប់នៅក្នុងរបបនេះ ក៏ដើម្បីការពារកុំឱ្យមានជនណាកាឡៃប្រវត្តិសាស្រ្ត បំផ្លៃប្រវត្តិសាស្រ្ត ដែលអាចធ្វើឱ្យមានប្រវត្តិសាស្រ្តច្រំដែរនៅក្នុងប្រទេសកម្ពុជាយើង។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖