(កំពង់ចាម)៖ ចៅមេក្លោងចោរប្លន់ឈ្មោះ ឯម នាង ហៅប្រេសស៉ីល និងបក្ខពួកចំនួន៣បទល្មើស ដែលបាញ់ប្រហារមកលើសមត្ថកិច្ចពេលចុះបង្ក្រាបនៅក្រុងកំពង់ចាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចចោទប្រកាន់ចំនួន៣បទល្មើស។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា
បន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើករណីនេះចំនួន៣សំណុំរឿងដូចខាងក្រោម៖

* សំណុំរឿងព្រហ្មទណ្ឌទី១ លេខ ២០៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ គិត គីមហុង ភេទប្រុស អាយុ២៦ឆ្នាំ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្តនៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត ៣៥៧ នៃក្រមព្រហ្មទណ្ឌ ហើយចំពោះជនសង្ស័យឈ្មោះ សំ បញ្ញាស័ក្ត ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទ៖ ទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចកែងសាលារៀនកូរ៉េ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិ មាត្រា ៣៩៩ និងមាត្រា ៤០០ នៃក្រមព្រហ្មទណ្ឌ។

* សំណុំរឿងព្រហ្មទណ្ឌទី២ លេខ ២០៨ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ ពីបទ៖ ប៉ុនប៉ងឃាតកម្ម ប្រឆាំងនឹងអ្នករាជការសាធារណៈ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣៤ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ២៧, មាត្រា ១៩៩, មាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។

* សំណុំរឿងព្រហ្មទណ្ឌទី៣ លេខ ២០៩ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ តំណាងអយ្យការបានសម្រេចធ្វើការចោទ ប្រកាន់លើជនសង្ស័យឈ្មោះ ឯម នាង ហៅ ប្រេស៊ីល ភេទប្រុស អាយុ៥០ឆ្នាំ និងឈ្មោះ គិត គីមហុង ភេទប្រុស អាយុ២៦ឆ្នាំ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៣៤ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុង កំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌទី១ និងកថាខណ្ឌទី៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជនសង្ស័យឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ ពីបទ៖ ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តតាមរយៈការផ្ញើតាមរថយន្តឈ្នួលនៅចំណុចរង្វង់មូលសេះពីរស្ថិតនៅក្រុងកំពង់ចាម ខេត្ត កំពង់ចាម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌទី៣និងកថាខណ្ឌទី៤ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន។

ក្រៅពីធ្វើការចោទប្រកាន់ខាងលើ តំណាងអយ្យការក៏បានសម្រេចស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យទាំងអស់ខាងលើជាបណ្តោះអាសន្នផងដែរ៕