(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិពិភពលោក International Tourismus Borse (ITB Berlin) 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin រដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ពិព័រណ៍ទេសចរណ៍អន្តរជាតិពិភពលោកនេះមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសច្រើនជាង៥០ ព្រមទាំងអ្នកលក់ប្រមាណ៥,៦០០នាក់ និងអ្នកទិញប្រមាណ១,៣០០នាក់ អ្នកសារព័ត៌មាន និងអ្នកផលិមាតិកា (Media) ៣,៥០០នាក់ និងអ្នកទស្សនាប្រមាណ១០០,០០០នាក់ ដែលមកពីជាង១៩០ប្រទេសជុំវិញពិភពលោក។
សូមជម្រាបជូនថា ការចូលរួមពិព័រណ៍ខាងលើ ក្រសួងទេសចរណ៍បានរៀបចំជាពន្លាធំ រួមទាំងការសំដែងសិល្បៈប្រពៃណី ក្នុងគោលបំណងផ្សព្វផ្សាយយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ - សុវត្ថិភាព ស្អាត និងបៃតង» ទៅកាន់ទីផ្សារអាល្លឺម៉ង់ និងពិភពលោក ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនកម្ពុជាជាមួយទីផ្សារអាល្លឺម៉ង់ និងអន្តរជាតិ៕