(ភ្នំពេញ)៖ រាត្រីសមោសរ ក្រោមប្រធានបទ «វីរបុរសសម្រាប់ឱកាសទីពីររបស់កុមារ និងយុវជនក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ» គឺជាព្រឹត្តិការណ៍ពិសេសដើមឆ្នាំ២០២៥ ដែលជាសកម្មភាពផ្ដួចផ្ដើមថ្មីមួយរបស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក្រោមការជួយជ្រោមជ្រែងពីបណ្ដាលក្រុមហ៊ុននានា ក្នុងគោលបំណងរៃអង្គាសថវិកា និងការឧបត្ថម្ភនានា ស្របតាមចក្ខុវិស័យរបស់ស្ថាបនិកអង្គការគឺ លោក គ្រីស្យង់ ដេប៉ាលីយែរ តែងតែពោលថា «ខ្មែរជួយខ្មែរ» មកកាន់ អង្គការ ប៉េ អេស អឺ ក្នុងសកម្មភាពផ្ដល់នូវអប់រំចំណេះដឹងទូទៅ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សានុសិស្ស និងយុវជនមកពីគ្រួសារក្រីក្រ ជាពិសេសគឺកម្មវិធីឧបត្ថម្ភប្រចាំខែពីសប្បុរសជនក្នុងការធានាលើចីរភាពនៃប្រតិបត្តិការ។  

អង្គការដើម្បីភាពញញឹមនៃកុមារ បានបង្កើតឡើងនៅឆ្នាំ១៩៩៦ មកដល់ពេលនេះ ដែលជាអង្គការជួយកុមារ និងយុវជន ដែលមកពីគ្រួសារខ្វះខាត ទទួលបាននូវការអប់រំមួយដ៏ពេញលេញល្អប្រសើរ ជាមួយនឹងសេវាថែទាំសុខភាព អាហារ ការការពារ សកម្មភាពក្រៅម៉ោងសិក្សា ឯកសណ្ឋាន និងសម្ភារសិក្សា ដល់សិស្សានុសិស្សចំនួន ៧០០០នាក់ ខណៈអង្គការ ក៏កំពុងប្រឹងប្រែងស្វែងរកមូលនិធិដើម្បីបន្តបេសកកម្មភាព។ បេសកកម្មចម្បងរបស់អង្គការដើម្បីភាពញញឹមនៃកុមារ គឺការជួយកុមារឲ្យឆ្លងផុតពីទុក្ខវេទនា ឆ្ពោះទៅកាន់ការងារអាជីព។

ព្រឹត្តិការណ៍រាត្រីសមោសរ នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងឆ្នាំ២០២៥ បានប្រារព្ធរៀបចំឡើងនាថ្ងៃសៅរ៍ ទី១ ខែមីនា នៅសណ្ឋាគារ Sun & Moon Riverside ចាប់ពីវេលាម៉ោង៥រសៀល ក្រោមអធិបតីភាពលោក ឡៅ ហ៊ីំម រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាភ្ញៀវកិត្តិយសពិសេសក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ។

រាត្រីសមោសរនេះបាននាំមកនូវ ទស្សនីយភាពដ៏អស្ចារ្យជាមួយអ្នកច្នៃម៉ូតសក់ដ៏ចំណាន និងល្បីៗដែលពួកគេមកពីសហភាពអឺរ៉ុបដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជូនដល់ភ្ញៀវជាតិនិងអន្តរជាតិចំនួន២៦០នាក់។ អមជាមួយផ្ទាំងទស្សនីយភាពនេះ កំឡុងពេលកម្មវិធីសប្បុរសជនដែលចូលរួមនឹងទទួលបាននូវសេវាកម្មម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ពីសណ្ឋាគារ Sun & Moon Riverside ហើយក៏ជាពេលវេលាពិសេសមួយសម្រាប់សប្បុរសជនទាំងអស់កសាងនូវទំនាក់ទំនងជិតស្និទ្ធរវាងគ្នាផងដែរ។

តាងនាមឱ្យអង្គការដើម្បីភាពញញឹមនៃកុមារ និងអ្នកទទួលអត្ថប្រយោជន៍ លោកស្រី លក្ខិណា ដេប៉ាលីយែរ ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ អមជាមួយក្តីរំភើបរីករាយ នាឱកាសនៃ រាត្រីសមោសរ ក្រោមប្រធានបទ វីរបុរសសម្រាប់ឱកាសទីពីររបស់កុមារ និងយុវជនក្នុងអង្គការដើម្បីភាពញញឹមកុមារដែលជាព្រឹត្តិការណ៍ពិសេសដើមឆ្នាំ២០២៥ ជាសកម្មភាពផ្ដួចផ្ដើមថ្មីមួយរបស់អង្គការដើម្បីភាពញញឹមនៃកុមារ ក្រោមការជួយជ្រោមជ្រែងពីក្រុមហ៊ុនក្នុងស្រុកចំនួន១២ សមាគមមិត្តយើង និង លោក ស៊ែក កុងតេស។

ព្រឹត្តិការណ៍នេះអាចរៀបចំ និងដំណើរការបានយ៉ាងរលូតក៏ដោយសារមានការចូលរួមឧបត្ថម្ភពីបណ្ដាលក្រុមហ៊ុនក្នុងស្រុកចំនួន១២ ដែលមានដូចជា៖ RMA Cambodia, Chateau Au Blanville, L’I.C.E Serge Comtesse, My Cut Film, ISI Steel, Sun&Moon Riverside, West Line Education Group, DEAM Computer, Cambrew, La Vie Aterlier, Ambre,។

លោកស្រីជឿជាក់ថា វប្បធម៌ចែករំលែក និងការជួយគ្នា គឺជាស្មារតីនៃជនជាតិខ្មែរយើងដែលនេះជាកម្លាំងសាមគ្គីដ៏ធំមួយក្នុងការផ្ដល់ឳកាសដល់កុមារ និងយុវជនមកពីគ្រួសារខ្វះខាតអាចឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរក្រោមការឧបត្ថម្ភគាំទ្រតាមរយៈយើងទាំងអស់គ្នា៕