(ភ្នំពេញ)៖ ប្រតិភូក្រុមហ៊ុនរបស់ចិនចំនួន១៨ ដឹកនាំដោយលោកស្រី LI Zeqing តំណាង​ឱ្យ​ក្រុមប្រឹក្សាភិបាលសេដ្ឋកិច្ច និងបច្ចេកវិទ្យាអន្តរជាតិទីក្រុងប៉េកាំង (CIETA) បានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លោកស្រី LI Zeging និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយបំផុត ពីសំណាក់លោក សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមាន​សន្តិភាព ទីស្តីការបំពេញការងាររបស់សម្តេចនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់​រាជ​រដ្ឋាភិបាល។

ប្រតិភូក្រុមហ៊ុនទាំង១៨ក្រុមហ៊ុន ដែលទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺជាប្រធាន និង​ជាអគ្គនាយកក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនធំៗនៅក្នុងប្រទេសចិន និងទីក្រុងហុងកុង។

ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់កម្ពុជា ជាពិសេសទឹកដីខេត្តសៀមរាបអង្គរ និងរាជធានីភ្នំពេញនាពេលនេះ គណៈប្រតិភូបានថ្លែងការកោតសរសើរ និងមានការ​ភ្ញាក់​ផ្អើល ហើយពួកគាត់បានផ្លាស់ប្តូរការគិតគូរបស់ពួកគាត់ ១៨០អង្សា មកលើប្រទេស​កម្ពុជា ដែលមានសន្តិសុខ សុវត្ថភាពពិតប្រាកដ ហើយមានប្រជាជន រួសរាយរាក់​ទាក់​ប្រកបដោយស្នាមញញឹម។

សហគ្រិនទាំងឡាយ មានសេចក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា​ពិតជាមានអនាគតដ៏រុងរឿង និងមានការអភិវឌ្ឍន៍ទៅមុខយ៉ាងលឿន ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

លោក សូ ម៉ារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះប្រតិភូ ហើយបានជម្រាប​ជូន​ភ្ញៀវពីស្ថានភាព ស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាពសង្គម និងការអភិវឌ្ឍគ្រប់​វិស័យ ក្រោមការដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពគ្រប់គ្រាន់ ពោរពេញដោយថាមពល ឈ្លាសវៃ និងប៉ិនប្រសប់។

ក្រៅពីនោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតជម្រាបជូនភ្ញៀវអំពីយុទ្ធ​សាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាល និងឱកាសនៃការធ្វើធុរកិច្ចព្រមទាំងការវិនិយោគ​នៅកម្ពុជាសម្រាប់ឆ្នាំខាងមុខ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែលម្អ​បរិយា​កាស​​ធុរកិច្ច​ព្រមទាំងលក្ខខណ្ឌអំណោយផលនានា របស់កម្ពុជាក្នុងការមក​រកស៊ីបណ្តាក់​ទុន និងប្រកបធុរកិច្ចនៅកម្ពុជា។

ភ្ញៀវទាំងអស់ មានសេចក្តីសប្បាយរីករាយ និងពេញចិត្ត ចំពោះបដិសណ្ឋារកិច្ច​របស់​ប្រ​ជា​ជនកម្ពុជានិងមន្ត្រីគ្រប់ជាន់ថ្នាក់ ហើយសន្យាថា នឹងត្រលប់មកវិញព្រមទាំង​នាំក្រុម​ហ៊ុនជាច្រើនផ្សេងទៀត ដើម្បីសិក្សា ស្វែងរកឱកាស ធុរកិច្ចវិនិយោគ នៅក្នុងប្រទេស​កម្ពុជា៕