(ព្រះសីហនុ)៖ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយមួយចំនួនរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារមួយ ដែលទទួលបានភ្លោះ៣នាក់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អំណោយដែលបានផ្តល់ជូននេះ រួមមាន៖ ថវិការចំនួន ៤លានរៀល, អង្ករ ២០០គីឡូក្រាម, ទឹកដោះគោ ២កេស, ស្ករស ៥គីឡូក្រាម, ក្រមារ២ និងសារ៉ុង២។ ជាមួយគ្នានោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានចូលរួមឧបត្ថម្ភអង្ករចំនួន២០០គីឡូក្រាម និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ចូលរួមឧបត្ថម្ភថវិការចំនួន១០០ដុល្លារ ផងដែរ។
លោក សេង ទៀង បានថ្លែងថា កន្លងមកចៅភ្លោះ៣នាក់នេះ សម្តេចធ្លាប់បានឧបត្ថម្ភតែ៣លានរៀលទេ ដូច្នេះសម្តេចទាំងពីរក៏សម្រេចឧបត្ថម្ភចំនួន៤លានរៀលទៀត។
លោក សេង ទៀង បានបន្ថែមថា អំណោយអស់ទាំងនេះ ជាអំណោយរបស់សម្តេចទាំងពីរផ្ទាល់ ហើយវាមិនមែនជាអំណោយរបស់គណបក្ស ឬរាជរដ្ឋាភិបាល ឬអំណោយរបស់កាកបាទក្រហមកម្ពុជា ឡើយ។ ហើយអំណោយនេះ ក៏ជាទឹកចិត្តសប្បុរសធម៌សុទ្ធសាធរបស់សម្តេចទាំងពីរ សម្រាប់ផ្តល់ជូនចំពោះពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយគណបក្សណាឡើយ។
លោក សេក សាអ៊ីម ជាឪពុកកូនភ្លោះ៣នាក់ខាងល់ មានស្រុកកំណើត ភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ និងប្រពន្ធឈ្មោះ សេក កញ្ញា មានស្រុកកំណើត ឃុំឈ្នួលមានជ័យ ស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានសម្ដែងក្តីរំភើបឥតឧបមា និងបានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយជូនដល់ក្រុមគ្រួសារពួកគាត់៕