(ភ្នំពេញ)៖ វេលាម៉ោង១រសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យកើតឡើងនៅចំណុចផ្ទះលេខ៤៣២-៤៣៤ ផ្លូវលេខ១២៨ ក្រុម៨ ភូមិ១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្សរងរបួសចំនួន៣នាក់ មូលហេតុដោយសារអុជទៀនក្រអូបទុកចោល។
ផ្ទះដែលត្រូវភ្លើងឆេះនេះមានម្ចាស់ឈ្មោះ ឈួរ ហ្គិចណៃ ក្នុងនោះឆេះគ្រឿងអេឡិចត្រូនិកអស់មួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ យ៉ាងណា អគ្គិភ័យនេះបានបណ្ដាលមនុស្សរងរបួសចំនួន៣នាក់៖ ឈ្មោះ ធឿន ធូ អាយុ២១ឆ្នាំ ឈ្មោះ សុខ ធា ភេទស្រី អាយុ២១ឆ្នាំ និងឈ្មោះ សឹម ហឿន ភេទស្រី អាយុ៤៧ឆ្នាំ។
ការិយាល័យពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង២៤ម៉ែត្រគូប។ រថយន្តជំនួយរបស់កងពលតូចលេខ៧០ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប និងរថយន្តរបស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។ ប្រតិបត្តិការនេះពន្លត់ចប់នៅម៉ោង១៖៤៥នាទីរសៀលនាថ្ងៃខែឆ្នាំដដែល។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានករណីអគ្គិភ័យកើតឡើងនៅកន្លែងជនអានាថាស្នាក់នៅក្រោមផ្ទះថ្មមួយកន្លែង ស្ថិតនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន២នាក់៖ កុមារីឈ្មោះ ផល ចិត្តា អាយុ១ឆ្នាំ និងទារកឈ្មោះ ផល សំណាង អាយុ៥ខែ៕