(កំពង់ធំ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦០៥៧បណ្ណ ជូនប្រជាពលរដ្ឋស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ទាប់ពីការឡើងធ្វើរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករឭក ព្រមទាំងអំណរសាទរ យ៉ាងកក់ក្តៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះគណៈអធិបតី ជាពិសេស លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមកម្មវិធីទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់ខ្លួន ព្រមទាំងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋបាលខេត្តកំពង់ធំ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ត្រីស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបានខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីបានយ៉ាងល្អប្រសើរ និងបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តបន្តខិតខំប្រឹងប្រែងលើកិច្ចការនេះដោយប្រកាន់ខ្ជាប់នូវគោលការណ៍ឈ្នះ-ឈ្នះជូនប្រជាពលរដ្ឋ និងជាពិសេសការរៀបចំផែនការមេអភិវឌ្ឍខេត្តនិងស្រុក ដើម្បីសម្រេចបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការងាររៀបចំប្លង់គោលប្រើប្រាស់ដី រៀបចំក្រុងទីប្រជុំជន ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅប្រកបដោយសុខដុមរមនីយកម្ម និងស៊ីវិល័យ។

លោក វង្សី វិស្សុត បានរំលឹកអំពីប្រវត្តិនិងការវិវត្តន៍នៃការផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លីនៅកម្ពុជា ដោយបានកត់សម្គាល់នូវគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានធ្វើការកែទម្រង់សេដ្ឋកិច្ច ពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារ ដែលធ្វើឱ្យមានកម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានចែកបណ្ណរាប់ម៉ឺន រាប់សែនក្បាលដី ស្មើនឹងរាប់លានហិកតា ជូនប្រជាពលរដ្ឋ។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ក្នុងន័យសេដ្ឋកិច្ច ការទទួលបានបណ្ណកម្មសិទ្ធិធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវសន្តិសុខផ្លូវចិត្ត និងភាពកក់ក្តៅ ក្នុងការកាន់កាប់ ប្រើប្រាស់ និងចាត់ចែង ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកផលប្រយោជន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពគ្រួសារ បង្កើនតម្លៃសេដ្ឋកិច្ចកាន់តែខ្ពស់ ផ្ដល់នូវឋានៈជាកម្មសិទ្ធិករស្របច្បាប់ជូនអ្នកកាន់កាប់ និងអាចប្រើប្រាស់តាមតម្រូវការ ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

ក្នុងន័យសង្គម និងន័យនយោបាយ ការផ្តល់បណ្ណកម្មសិទ្ធិបញ្ចៀសនូវបញ្ហាទំនាស់ដីធ្លី និងទំនាស់ព្រំដី ដែលកើតចេញពីការមិនមានម្ចាស់កម្មសិទ្ធិច្បាស់លាស់ បង្កើនភាពជឿជាក់ និងស្ថិរភាពនៃមុខរបរអាជីវកម្ម។ រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តពីនីតិកាលមុន បានប្តេជ្ញាដោះស្រាយបញ្ហាកម្មសិទ្ធិឱ្យអស់ ដើម្បីបង្កើតឱកាសប្រកបមុខរបរ ឱកាសសេដ្ឋកិច្ច ជូនដល់បងប្អូនប្រជាពលរដ្ឋ បញ្ចប់បញ្ហាទំនាស់ដីធ្លី បញ្ហាសង្គម បញ្ហានយោបាយ។ ដោយឡែកចំពោះខេត្តកំពង់ធំ ការវាស់វែងដីធ្លីគ្រោងនឹងបញ្ចប់សព្វគ្រប់ទូទាំងខេត្តតាមផែនការរបស់ក្រសួង ក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ។

លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ច។ ក្នុងន័យនេះ ការដាក់ចេញនូវកម្មវិធី «ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលមានគោលបំណង ៣ អាទិភាពធំគឺ៖ ១. ដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ, ២. ចូលរួមទប់ទល់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និង៣. ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។

លោក វង្សី វិស្សុត បានលើកឡើងថា ខេត្តកំពង់ធំ មានសក្តានុពលជាច្រើនសន្ធឹកសន្ធាប់ ជាពិសេសក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ជាក់ស្តែងដំណាំស្រូវគឺស្ថិតក្នុងលំដាប់លេខ៥ នៅទូទាំងប្រទេស, ស្វាយចន្ទីគឺស្ថិតក្នុងលំដាប់លេខ១ នៅទូទាំងប្រទេស និងដំណាំកៅស៊ូគឺជាប់លេខ២ ហើយដំឡូងមីលេខ៦ និងស្វាយលេខ៤ ព្រមទាំងវិស័យទេសចរណ៍គឺមានគ្រប់ផ្នែកទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប។ ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ការឯកភាពជាគោលការណ៍ លើសំណើសុំបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ និងជំរុញឱ្យមានការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ មកវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ប្រែក្លាយមុខមាត់សេដ្ឋកិច្ច និងបង្កើតប្រភពចំណូល និងការងារសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

ជាមួយនឹងការចូលរួមអបអរសាទរប្រជាពលរដ្ឋដែលទទួលបានប័ណ្ណ លោក វង្សី វិស្សុត ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ធំ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥ និងបន្តចេញបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានឆាប់ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ធំរៀបចំសង្ក្រាន្តកំពង់ធំ ដើម្បីឱ្យសង្ក្រាន្តកំពង់ធំមានភាពអធិកអធម ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសង្ក្រាន្តកំពង់ធំឱ្យបានគ្រប់ៗគ្នាក្រោមម្លប់នៃសន្តិភាព៕