(ព្រះវិហារ)៖ លោក ព្រហ្ម ផេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី និងលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានទី១ក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកសង្គមថ្មី បាននាំយកអំណោយប្រគល់ជូនពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ១គ្រួសារនៅឃុំស្តៅ និងពលរដ្ឋមានជីវភាពខ្វះខាត១គ្រួសារទៀតនៅឃុំចំរើន នៃស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដោយក្នុងនោះលោក ព្រហ្ម ផេង បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។
លោក ព្រហ្ម ផេង និងលោក សំ លាងទ្រី បានសម្ដែងនូវការចូលរួមសោកស្តាយចំពោះហេតុការណ៍គ្រោះអគ្គីភ័យ ដែលបានធ្វើឱ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។លោកក៏បានថ្លែងលើកទឹកចិត្តដល់គ្រួសាររងគ្រោះដោយអគ្គីភ័យខាងលើ សូមកុំមានការអស់សង្ឃឹមក្នុងជីវិតឱ្យសោះ ដោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនទុកឱ្យបងប្អូនរងគ្រោះរស់នៅក្នុងភាពឯកោនោះទេ គឺតែងតែបានចុះជួយជានិច្ច លោកក៏ណែនាំឱ្យក្រុមគ្រួសាររងគ្រោះត្រូវខិតខំប្រកបមុខរបរផ្សេងៗដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។
អំណោយដែលប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ១គ្រួសារនៅឃុំស្តៅ ទទួលបានអង្ករ១បេ ថវិការ៨០ម៉ឺនរៀល តង់១ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ មី១កេស តង់១។ ដោយឡែក គ្រួសារមានជីវភាពខ្វះខាត១គ្រយសារនៅឃុំចំរើនទទួលបាន អង្ករ១បេ មី១កេ ត្រីខ១យួរ ទឹកស៉ីអ៉ីវ១យួរ និងថវិកាចំនួន៤០ម៉ឺនរៀលផងដែរ៕