(ភ្នំពេញ)៖ ករណីគណបក្សសន្តិភាពជាតិស្នើសុំចុះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះ ត្រូវបានក្រសួងមហាផ្ទៃចេញលិខិតឆ្លើយតប និងតម្រូវឱ្យគណបក្សដែលទើបបង្កើតថ្មីនេះ កែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឱ្យត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយឡើងវិញ ព្រោះមានចំណុចខ្លះទុកនៅចន្លោះ ចំណុចខ្លះទៀតផ្ទុយពីបទប្បញ្ញត្តិច្បាប់ ព្រមទាំងខ្លឹមសារចែងនៅក្នុងបុព្វកថា ពុំបានឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្តែងនៃការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាឡើយ។

សូមជម្រាបថា គណបក្សសន្តិភាពជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះអាសន្ននោះ ហើយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការបណ្ដោះអាសន្នរូបនេះបានដាក់សំណើសុំចុះបញ្ជីគណបក្សសន្តិភាពជាតិ ទៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

បើតាមលិខិតរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវសំណើសុំចុះបញ្ជីគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា លក្ខន្តិកៈគណបក្សមានទម្រង់នៃការសរសេរទុកចន្លោះទំនេរចោលក្នុងទំព័រជាច្រើន ត្រង់ជំពូកនិងផ្នែកនីមួយៗនៃលក្ខន្តិកៈ និងខ្លឹមសារក្នុងប្រការមួយចំនួនមានលក្ខណៈផ្ទុយនឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមាន៖ ប្រការ៩ ប្រការ១៧ ប្រការ២០ ប្រការ២៣ ប្រការ៣០ និងប្រការ៥០ ព្រមទាំងខ្លឹមសារចែងនៅក្នុងបុព្វកថា ពុំបានឆ្លុះបញ្ចាំងពីតថភាព ស្ថានភាពពិតជាក់ស្តែងនៃការវិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាឡើយ។

លើមូលដ្ឋានខាងលើ ក្រសួងមហាផ្ទៃបានស្នើឱ្យគណបក្សសន្តិភាពជាតិកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងជាកំហិត។

លោកអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តតាមស្មារតីនៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ៕