(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងល្បែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច, បើនិយាយអំពីជំនួបផ្លូវការរវាង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ- Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលែនស្គី- Volodymyr Zelens'kyj ដែលយើងឃើញលោក ហ្សេលែនស្គី ក្នុងសំលៀកបំពាក់អាវយឺតពណ៌ខ្មៅ និងខោដែលត្រូវគ្នាបង្កប់ឡូហ្គោ​ត្រីកោណ​អ៊ុយក្រែន នៅសេតវិមានកាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៥នេះ បានបើកចំហនៅចំពោះមុខហ្វូងអ្នកសារព័ត៌មាន។ ដោយក្នុងការជជែកពិភាក្សានេះ លោក ដូណាល់ ត្រាំ បានប្រមានលោក ហ្សេលែនស្គី ថា ជាប្រធានាធិបតីដែលយកប្រជាជនខ្លួនរាប់លាននាក់ជាល្បែងសង្គ្រាមលោកលើកទី៣ និងមិនបានគោរពសហរដ្ឋអាមេរិកជាម្ចាស់ជំនួយ រហូតបណ្ដេញចេញពីសេតវិមានដែលពុំធ្លាប់មាន ក្នុងប្រវត្ដិការទូតរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពាសពេញពិភពលោក ដូចយើងឃើញនេះ។

ស្ថិតក្នុងជំនួបពិភាក្សានិងភាពមហន្តរាយការទូតដ៏ធ្ងន់ធ្ងរនេះ លោក រ័ត្ន សណ្តាប់ យល់ថា អ្វីដែលលោក ត្រាំ បានសំពងទៅលើលោក ហ្សេលែនស្គី ចំៗធ្ងន់ៗផាំងៗគ្មានត្រាប្រណីយ៉ាងក្ដៅគគុកនេះ គឺពុំមែនជារឿងចៃដន្យក្នុងការស្លៀកពាក់ប្រវត្ដិការទូតសេតវិមានទ្បើយ។ ព្រោះបើយើងមើលអំពីរបៀបរបបនៃការស្លៀកពាក់របស់លោក ហ្សេលែនស្គី ក្នុងការបំពេញទស្សនកិច្ចជាផ្លូវការនៅសេតវិមាន ដែលកំពុងផ្ទុះការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ពេញពិភពលោកនេះ បានធ្វើឲ្យគេនឹកឃើញក្នុងរដ្ឋបាលប្រធានាធិបតីលោក Franklin D. Roosevelt នៅឆ្នាំ ១៩៤១ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Winston Churchill បានពាក់ឈុតស៊ីរ៉ែន"Siren Suit" ដែលជាឈុតមួយសម្រាប់ពាក់កំឡុងពេលវាយឆ្មក់តាមអាកាស បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់សេតវិមាន ដើម្បីបញ្ចុះបញ្ចូលអាមេរិកឲ្យចូលរួមក្នុងសង្គ្រាមលោកលើកទី២។

ក្នុងន័យនេះថា ចំពោះលោក Zelens'kyj ដែលបានពាក់អាវយឺតខ្មៅចូលសេតវិមានដូចសាធារណមតិលើពិភពលោកឃើញនេះ គឺដើម្បីបញ្ចុះបញ្ចូលអាមេរិកឲ្យចូលរួមក្នុងសង្រ្គាមលោកលើកទី៣ មិនខុសគ្នាណាពីលោក Winston Churchill កាលពីបញ្ចុះបញ្ចូលអូសទាញអាមេរិកឲ្យចូលក្នុងសង្រ្គាមលោកលើកទី២ទ្បើយ។

លោក រ័ត្ន សណ្តាប់ បន្ដថា ជាក់ស្តែងយើងឃើញគំនិតរបស់ លោក ហ្សេលែនស្គី ក្នុងជំនួបពិភាក្សាជាមួយលោក ត្រាំ ក្រោមលេសកិច្ចព្រមព្រៀងអាជីវកម្មរ៉ែកម្រដើម្បីរក្សាសន្ដិភាពឲ្យអ៊ុយក្រែន ប៉ុន្ដែក្នុងការពិភក្សាលោក ហ្សេលែនស្គី បែរជាស្នើសុំយ៉ាងប្ដូរផ្ដាច់នូវគ្រឿងសព្វាវុធពីអាមេរិកដើម្បីច្បាំងឲ្យអស់ចិត្ដសិន ទើបចុះកិច្ចព្រមព្រៀងនេះជាក្រោយ។ មួយវិញទៀត ការស្លៀកពាក់របស់លោក Zelens'kyj នេះទៀតសោត បានក្លាយជាស្ទីលរបស់លោក ចាប់​តាំង​ពី​រុស្ស៊ី​ចូលលុកលុយអ៊ុយក្រែនមក ដោយលោកប្រធានាធិបតី បាន​បោះ​បង់​ចោល​ឯកសណ្ឋាន​អ្នក​នយោបាយ​ ដោយបានពាក់អាវយឺត និងខោត្រូវគ្នា មិនខុសពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Winston Churchill បានពាក់ឈុតស៊ីរ៉ែន"Siren Suit"ធ្វើពីរោមចៀមពណ៌ប្រផេះទ្បើយ។

ដូច្នេះការស្លៀកពាក់របស់លោកZelens'kyj ប្រវត្តិជាតារាកំប្លែងដែលបានប្រែក្លាយជាអ្នកនយោបាយបង្ហាញខ្លួនក្នុងសេតវិមានក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ នេះគឺគេពុំអាចប្រៀបធៀបទៅនឹងលោក Winston Churchill ដែលទទួលបានការស្វាគមន៍ពីលោក Roosevelt បានទ្បើយ។ ផ្ទុយទៅវិញការស្លៀកពាក់របស់លោក ហ្សេលែនស្គី គឺបែរជាបានទទួលការស្ដីបន្ទោសពីរដ្ឋបាលលោក ត្រាំ យ៉ាងចាស់ដៃថា ជាសញ្ញានៃការមិនគោរពនិងប្រមាថមកលើសហរដ្ឋអាមេរិក មិនខុសពីពាក្យថា មនុស្សរស់លើផែនដីតែមួយដូចគ្នាប៉ុន្ដែមានវាសនាខុសគ្នាទ្បើយ៕