(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃ០២ ខែមីនា ឆ្នាំ២០២៥ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនចំនួន៣៩៧នាក់  ស្ថិតនៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការចូលរួមលោក យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារចុះជួយខេត្ត-ស្រុក-ឃុំរបស់គណបក្សប្រជាជន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ សូមចូលរួមអបអរសាទរ និងគោរពស្រឡាញ់ចំពោះវត្តមានរបស់បងប្អូន ដែលបានភ្ញាក់រលឹកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជននាពេលនេះ។

លោកបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា នេះបង្ហាញឲ្យឃើញថា យើងបានរួបរួមគ្នាស្រលាញ់គ្នា ដើម្បីកសាងជាតិមាតុភូមិរបស់យើងឲ្យបានរុងរឿងមានការអភិវឌ្ឍន៍ ជាងនេះយើងបន្តសហការគ្នាកសាងជាតិដោយមិនមានការរើសអើងឬប្រកាន់និន្នាការអ្វីនោះឡើយ។ទោះបីជាបងប្អូននៅក្នុងបក្សណាឬក្រុមណាបើមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងនាមលោកសូមស្វាគមន៍ជានិច្ចមិនថានៅតំបន់ណាទីណានោះទេសូមអញ្ជើញចូលរួមដោយភាពជឿជាក់ និងកក់ក្តៅមិនមានការភ័យខ្លាចនិងគោរពស្រឡាញ់រាប់អានគ្នាឲ្យបានច្រើនទើបប្រទេសជាតិយើងមានការរីកចម្រើនជាលំដាប់។

លោកបានផ្តាំផ្ញើឱ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្សឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោត ខាងមុខតទៅទៀត។ ជាពិសេសបានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕