(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើដំណើរដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង៣៖៥០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានចូលរួម វេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូល កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, និងវៀតណាម លើកទី៨ (8th CLMV), និងកិច្ចប្រជុំកំពូល យុទ្ឋសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ារ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy -ACMECS)។
នៅអំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែនចូលរួមកិច្ចប្រជុំនៅប្រទេសវៀតណាម សម្តេចបានថ្លែងសុន្ទរកថាគន្លឹះមួយ នៅក្នុងវេទិកា «សេដ្ឋកិច្ចពិភព ស្តីពីតំបន់មេគង្គ» ដោយសម្តេចបានបញ្ជាក់ឲ្យដឹងថា ប្រទេសក្នុង តំបន់ទន្លេមេគង្គទាំង៥រួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងក្លាយជា មជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ ក្នុងអំឡុងមួយ ទៅពីរទសវត្សរ៍ខាងមុខ។ ដើម្បីសម្រេចចក្ខុ វិស័យនេះ សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសទាំង៥ ត្រូវរួមគ្នារក្សាឲ្យបាននូវសន្តិភាព និងស្ថេរភាព ជាពិសេសត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម និងឧបសគ្គធំៗ ចំពោះការប្រកួតប្រជែងនៅក្នុងតំបន់។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅឆ្នាំ២០៣០ខាងមុខ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងមានប្រជាជនប្រមាណ ២៦០លាននាក់ ដែលក្នុងនោះ ៦៥ភាគរយ ជាកម្លាំងពលកម្ម ដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មតំបន់។
បន្ថែមបីលើនេះសម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍ផងដែរ ក្នុងនាមតំណាងឲ្យកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន ហើយ សម្តេចសូមអញ្ជើញ ថ្នាក់ដឹកនាំទាំងអស់ ចូលរួមជាមួយកម្ពុជា ក្នុងការចែករំលែកនូវទស្សនៈ ក៏ដូចជា ការយល់ឃើញនានាលើ ប្រធានបទ «តើបច្ចេកវិទ្យា ឌីជីថល នឹងនាំមកនូវឧស្សហកម្ម និងម៉ូដែលអភិវឌ្ឍន៍ថ្មីៗអ្វីខ្លះសម្រាប់អាស៊ាន និងពិភពលោក»។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ៕