Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះបីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ប៉ុន្តែភាគីទាំងពីរនៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ (Video inside)

02-03-2025 15:35

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម បានបញ្ជាក់ឱ្យដឹងថា បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត ដែលនឹងបន្តចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សូមជម្រាបថា ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ត្រូវបានធ្វើឡើងនៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន នារាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយលោក វ័ង ស៊ូទុង (Wang Xudong) អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ចិន ហើយក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក វ័ង ខាយ (WANG Kai) អភិបាលខេត្តហឺណាន លោក វ័ង ចាងអ៉ីង (Wang Zhanying) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានមន្ទីរឃោសនាការ ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ និងប្រជាជនចិនជាង១,៥០០នាក់ផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ដែលភាគីទាំងពីរបានប្រារព្ធឡើងជាមួយគ្នា​ប្រកបដោយភាពជោគជ័យ និងបានផ្សព្វផ្សាយកាន់តែទូលំទូលាយពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន។

ជាក់ស្ដែង សម្ដេចធិបតីបានកត់សម្គាល់ថា តាមរយៈពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នេះ គឺមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពលើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ៕