(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានរៀបចំផ្សព្វផ្សយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ ទិសដៅបន្តឆ្នាំ២០២៥។

ការផ្សព្វផ្សាយនេះធ្វើឡើងក្រោមវត្តមានលោក ព្រហ្ម ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ដោយមានការចូលរួមពីលោក សំ លាងទ្រី អនុប្រធានទី១ក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកសង្គមថ្មី ព្រមទាំងប្រធាន អនុប្រធានក្រុមការងារ ថ្នាក់ដឹកនាំ សមាជិក នៃគណៈកម្មាធិការបក្សស្រុក ឃុំ ជាច្រើនរូបទៀត។

បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលឹសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក លោក ព្រហ្ម ផេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។

លោក ព្រហ្ម ផេង បានថ្លែងលើឡើងបញ្ជាក់ថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ​ស្របតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ជាពិសេសតាមរយៈការអនុវត្តវិធានការគន្លឹះទាំង៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។

លោកបានថ្លែងគូសបញ្ជាក់ពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។លោកប្រធានយុវជនគណបក្សខេត្ត ក៏បានថ្លែងផ្តាំផ្ញើដល់គណៈកម្មាធិការបក្សស្រុក គណបក្សឃុំ បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

លោកក៏បានផ្តាំផ្ញើមន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន បន្តថែរក្សាសុខសន្តិភាព អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសឆ្លងតាមបទពិសោធន៍ដែលកើតមានឡើងតាមបណ្តាញសង្គមកន្លងមក លោកក៏បានណែនាំដល់មន្ត្រីយើងត្រូវចេះរកវិធីដោះស្រាយដោយសន្តិវិធី ដើម្បីុំកុំឱ្យមានបញ្ហាថ្នាំងថ្នាក់ណាមួយកើតឡើង។

ដោយឡែកលោក សំ លាងទ្រី ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះមន្ត្រីគណបក្សស្រុកយើងមួយចំនួន ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងសមាជិកគណៈកម្មាធិការគណបក្សស្រុកសង្គមថ្មី និងយុវជនគណបក្សស្រុកមួយចំនួនទៀតត្រូវបានតែងតាំងជាក្រុមការងារព័ត៍មាននិងប្រតិកម្មរហ័ស។ទាក់ទងនឹងពាក្យចាមអារ៉ាមខ្សឹបខ្សៀវគ្នាថាមានការដកសមាជិកគណៈកម្មការគណបក្សស្រុក លោក សំ លាងទ្រី បញ្ជាក់ថា៖ឱ្យលុបពាក្យចាមអារ៉ាមនេះ ព្រោះគោលការណ៍គណបក្សខេត្ត ក៏ដូចជាស្រុក មិនមានគោលការណ៍ដកឫបញ្ឈប់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឫក៏សមាជិកគណបក្សស្រុកណាម្នាក់ចេញពីតំណែងទេ ដូច្នេះកុំឱ្យមានការយល់ច្រឡំពីមាត់មួយទៅមាត់មួយធ្វើឱ្យមានការថ្នាំងថ្នាក់ដល់សមាជិកបក្ស លើកលែងតែគាត់ដាក់ពាក្យសុំឈប់ដោយខ្លួនឯង ឫមួយគាត់ឈប់នៅស្រុកសង្គមថ្មី។

លោក សំ លាងទ្រី ក៏បានថ្លែងណែនាំដល់អាជ្ញាធរស្រុក ឃុំ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាសមាជិកគណបក្សយើងទាំងអស់ ត្រូវចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គីភ័យ ដែលតែងកើតឡើងជាញឹកញាប់ធ្វើឱ្យបាត់បង ខូចខាត ផ្ទះសំបែង ទ្រព្យសម្បត្តិ ពិសេសត្រូវសម្អាតសំរាមជុំវិញបរិវេណផ្ទះឱ្យបានស្អាត ក៏ដូចជាត្រួតពិនិត្យភ្លើងអគ្គិសនី ភ្លើងចង្ក្រាននៅក្នុងផ្ទះឱ្យបានត្រឹមត្រូវ មុននឹងចាកចេញពីផ្ទះសំបែង៕