(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានប្រគល់ផ្ទះថ្មី១ខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះគ្រួសាររងគ្រោះ ដែលជួបឧបទ្ទវហេតុជាន់មីន បន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះដាច់ជើងស្តាំង និងពិការភ្នែកទាំង២ ដើម្បីឱ្យពួកគាត់ផ្លាស់ប្តូរទីលំនៅ ពីភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ឱ្យមករស់នៅទីតាំងថ្មី ក្បែរទីប្រជុំជន ស្ថិតក្នុងភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពិធីនេះបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលស្រុកកណ្តៀង អភិបាលស្រុកវាលវែង សមាគមនារីខេត្ត ក្រុមកាយឫទ្ធិនារីខេត្ត និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា គ្រួសារទាំងពីរនាក់ម្តាយ និងកូននេះ គឺគាត់រស់នៅក្នុងបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពោលគឺនៅកៀកនឹងព្រំដែនដែលជាចម្ការមីន និងជាកន្លែងដែលគេហៅថា ជាទីតាំងសម្លាប់ភូមិសាស្ត្រ។ ទីកន្លែងដែលគាត់រស់នៅ មានគ្រោះថ្នាក់ណាស់ ទើបធ្វើឱ្យកូនប្រុសរបស់គាត់រងគ្រោះដាច់ជើងស្តាំម្ខាង និងពិការភ្នែកទាំង២ បន្សល់ឱ្យម្តាយជាស្ត្រីមេម៉ាយ ត្រូវចិញ្ចឹមកូនទាំងកម្សត់ជាទីបំផុត។
លោកអភិបាលខេត្តបន្តថា នៅពេលដែលលេចឮព័ត៌មាន ថាមានករណីគ្រោះថ្នាក់ នៅក្នុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពេលនោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកបានជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ និងជួយទាំងថវិកា រីឯក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដី បានដុតដៃដុតជើង ជួយលើកទឹកចិត្តពួកគាត់ជាបន្តបន្ទាប់។ លោកបន្ថែមថា ក្រោយមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈរូបលោកផ្ទាល់ ក៏បានរៀបចំសាងសង់ផ្ទះថ្មី១ខ្នង ជូនគ្រួសារពួកគាត់ ដើម្បីឱ្យពួកគាត់ចូលមករស់នៅបានសមរម្យ មានសុវត្ថិភាព និងក្បែរទីប្រជុំជន ហើយអាជ្ញាធរខេត្ត ស្រុក ឃុំ ក៏ប្តេជ្ញាថានឹងចិញ្ចឹមគ្រួសារពួកគាត់ រហូតដល់អស់បុណ្យផងដែរ។
លោក ខូយ រីដា បានគូសបញ្ជាក់ថា ផ្ទះថ្មី១ខ្នង ដែលត្រូវប្រគល់ជូនពួកគាត់នេះ សាងសង់អំពីថ្ម ជញ្ជាំងឥដ្ឋ ក្រាលការ៉ូ ប្រក់ស័ង្កសី មានបន្ទប់ទឹក និងកន្លែងដាំស្លរសមរម្យ រួមទាំងសម្ភារៈប្រើប្រាស់សង្កត់ផ្ទះមួយឈុត មានគ្រែ ពូក ខ្នើយ ភួយ ឆ្នាំង ចាន...។ល។ ពួកគាត់ត្រូវបានអាជ្ញាធរស្រុកវាលវែង សហការជួយកម្លាំងវរៈការពារព្រំដែន ៥០១ ធ្វើការដឹកជញ្ជូន ឱ្យមករស់នៅទីតាំងថ្មី ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ភូមិបឹងយារ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
ស្ត្រីម៉េមាយ ដែលត្រូវជាម្តាយជនរងគ្រោះ ឈ្មោះ ប៉ាង គីដេត អាយុជិត៦០ឆ្នាំ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ជូនចំពោះលោក ខូយ រីដា និងលោកស្រី អាំង សុជាតា ខូយរីដា ជាពិសេសសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គិតគូរសព្វគ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារពួកគាត់ឱ្យមានក្តីសង្ឃឹមជាថ្មីឡើងវិ្។ លោកយាយ សូមគោរពជូនពរ សម្តេច រួមទាំងលោក លោកស្រីទាំងអស់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច។
គួររំឮកផងដែរថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៩ព្រឹក ព័ន្ធ អភិបាលស្រុកកណ្តៀង ស្រុកវាលវែងនិងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី១ខែមិនា ឆ្នាំ២០២៥កជំទាវ អាំង សុជាតា ជនរងគ្រោះ ស៊ុំ សុខប៊ន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរកសិករ បានចេញទៅកាច់ស្មៅអំបោស ត្រង់ចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ក៏ជាន់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះដាច់ជើងខាងស្តាំម្ខាង និងពិការភ្នែកទាំង២ បញ្ជូនទៅសង្គ្រោះបន្ទាន់ រហូតជាសះស្បើយ រួចផុតពីសេចក្តីស្លាប់ ពោលគឺគ្រាន់តែធ្លាក់ខ្លួនពិការប៉ុណ្ណោះ។ ក្រោយពីទទួលបានដំណឹងដ៏សង្វែគនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន L.Y.P គ្រុប តាមរយៈលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាននាំយកថវិកាជួយឧបត្ថម្ភ ចំនួន៥០លានរៀល ជូនដល់គ្រួសារជនរងគ្រោះ ព្រមទាំងមានសប្បុរសជនដ៏ទៃផ្សេងទៀត បន្តផ្តល់ជូនជាហូរហែរផងដែរ៕