(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានច្រានចោលព័ត៌មាននៅលើបណ្តាញសង្គម Facebook ដែលថា គណបក្សប្រឆាំងធំជាងគេនៅកម្ពុជាមួយនេះ កំពុងមានការបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង។
ប្រតិកម្មរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គម Facebook បានផ្សព្វផ្សាយនាថ្មីៗនេះថា គណបក្សសង្រ្គោះជាតិនឹងឈានដល់ការបែកជាពីរ នៅពេលខាងមុខនេះ បន្ទាប់ពីកូនស្រីរបស់ លោក កឹម សុខា បានចេញមុខរិះគន់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ យ៉ាងខ្លាំងនៅរយៈពេល ២សប្តាហ៍នេះ។
លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook នោះមិនអាចយកជាការបានទេ។ លោកថា «ខ្ញុំអត់យល់អញ្ចឹងទេ ព្រោះព័ត៌មានដែលលើកនេះ គឺជាព័ត៌មាននៅលើប្រព័ន្ធបណ្តាញសង្គម Facebook ដូច្នេះ Facebook នរណាក៏អាចបង្កើត Account បាន ហើយចូល Comment បានគ្រប់គ្នា ដូច្នេះវាគ្មានអ្វីជាមូលដ្ឋាន ជាគោលការណ៍របស់គណបក្សទេ»។
កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្រ្គោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា បានចេញមុខរិះគន់ចំៗចំពោះ លោក សម រង្ស៊ី ម្តងទៀតនៅលើបណ្តាញសង្គម ធ្វីតទ័រ (Twitter) ដោយនិយាយជាចំហរថា រយៈពេល១ឆ្នាំមកហើយ គឺនៅពេលនេះ លោក សម រង្ស៊ី អាចប្រកាសជាផ្លូវការនូវការនិរទេសខ្លួន និងមានហេតុផលស្របច្បាប់ នៅបរទេសបន្តទៀត។
កញ្ញា កឹម មនោវិទ្យា បានសរសេរថា៖ «វាមានរយៈពេល១ឆ្នាំហើយ ហើយពេលនេះគាត់អាចអះអាងនិរទេសខ្លួនជាផ្លូវការបានហើយ និងមានហេតុផលស្របច្បាប់ ដើម្បី នៅបរទេសបន្តទៀត។ រដ្ឋាភិបាលនឹងហៅស្ថានភាពបែបនេះថាឈ្នះឈ្នះ គឺគណបក្សប្រជាជនកម្ពុជាក៏ឈ្នះ លោក សម រង្ស៊ី ក៏ឈ្នះ។ រដ្ឋាភិបាលឃាត់ លោក សម រង្ស៊ី ឱ្យនៅបរទេសបានដោយជោគជ័យ តាមរយៈការផ្ដល់លេសមួយ។ លោក សម រង្ស៊ី មានពេល១ឆ្នាំមុននឹង មានបម្រាមនេះ»។
សូមជំរាបថា កាលពីសប្តាហ៍មុន កញ្ញា កឹម មនោវិទ្យា ក៏បានរិះគន់លោក សម រង្ស៊ី ផងដែរ ចំពោះបំណងចង់ជាប់ពន្ធនាគារជំនួសសកម្មជន និងមន្រ្តី។ កញ្ញាបានសរសេរនៅលើ Twitter ដោយអមដោយអត្ថបទរបស់កាសែតខេមបូឌា ដេលី ស្តីអំពីសំណើសុំដោះដូរអ្នកទោសថា «មានមនុស្សមើលទូរទស្សន៍ ច្រើនណាស់នៅពេលទំនេរ ប្រសិនបើលោកគោរពទស្សនិកជន យ៉ាងហោចណាស់លោកគួរតែធ្វើឲ្យការ ភូតកុហករបស់លោកមើល ទៅគួរទុកចិត្ត បានផង»។
កាលពីថ្មីៗកន្លងទៅនេះ លោក កឹម សុខា ហាក់ប្រកាសជំហរថា ទោះជាលោក សម រង្ស៊ី មិនត្រឡប់មកកម្ពុជា ក៏លោកអាចដឹកនាំគណបក្សប្រឆាំងបានដែរ។ លោកថា «គាត់ចង់ឱ្យលោក សម រង្ស៊ី ត្រឡប់មកស្រុកខ្មែរវិញ ដឹកនាំបក្សជាមួយគ្នា ដើម្បីឱ្យគាត់មានភាពកក់ក្តៅ ប៉ុន្តែបើលោក សម រង្ស៊ី មិនចង់មកវិញទេ ក៏គាត់អាចដឹកនាំគណបក្សតែម្នាក់បានដែរ ទោះគ្មានវត្តមាន លោក សម រង្ស៊ី ក៏ដោយ»។
លោក យ៉ែម បុញ្ញឫទ្ធិ បានចាត់ទុកថា ការរិះគន់របស់ កញ្ញា កឹម មនោវិទ្យា ទៅលើមេបក្សរបស់ខ្លួននោះថា ជាការបញ្ចេញមតិ ហើយថា គណបក្សរបស់លោក ជាគណបក្សប្រជាធិបតេយ្យ ដែលនរណាក៏អាចមានយោបល់បានដែរ។
ការរិះគន់យ៉ាងចាស់ដៃ របស់កញ្ញា កឹម មនោវិទ្យា កូនស្រីសំណព្វចិត្តរបស់លោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្សប្រឆាំងនាពេលនេះ តើគណៈកម្មាធិការពិន័យរបស់គណបក្ស ហ៊ានដាក់ពិន័យចំពោះកូនស្រីលោក កឹម សុខា ដែរឬយ៉ាងណា?