(កំពង់ធំ)៖ សមិទ្ធផលនានាដែលត្រូវបានកសាងឡើងសម្រាប់ព្រះពុទ្ធសាសនា ត្រូវបានធ្វើពិធីបុណ្យឆ្លង និងពុទ្ធាពិសេកក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់ ដែលស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកនិងលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្រ្តីរាជការ កងកម្លាំងទាំងបីចំណុះអោយរដ្ឋបាលស្រុកតាំងគោក លោកយាយ លោកតា ប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណ៥០០នាក់។
លោកអភិបាលបានឱ្យដឹងថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានសុខសន្តិភាព និងសម្រេចបានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ សម្រាប់ផ្នែកពុទ្ធចក្រ ពុទ្ធសាសនាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្លាយជាកម្លាំងមួយដែលជួយពង្រឹងសង្គមកម្ពុជាមានសាមគ្គីភាព និងជាម្លប់សម្រាប់ប្រជាជនទូទាំងប្រទេស។
លោកក៏បន្តថា សមិទ្ធផលថ្មីមួយដែលកើតចេញពីការដឹកនាំ កសាង របស់ ព្រះអង្គចៅអធិការវត្ត រួមទាំងកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីចូលរួកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់៥ពាន់ព្រះវស្សា។
សូមបញ្ជាក់ថា សមិទ្ធិផលដែលឆ្លងនេះមានសាលាឆ័ន្ទទំហំបណ្តោយ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ចំណាយថវិកា៣០ម៉ឺនដុល្លាអាមេរិក របងប្រវែង៤០០ម៉ែត្រ អំពូលសូឡា អណ្តូងទឹក ចំណាយថវិកា៣០,៨៩០ដុល្លារ៕