(កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរធ្វើស្រែប្រាំងរីករាយ ដោយឆ្នាំនេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ពួកគាត់ពុំមានជួបប្រទនូវការខ្វះខាតទឹកស្រេចស្រព្យធ្ងន់ធ្ងរដូចឆ្នាំមុនៗនោះឡើយ

ដោយសារតែឆ្នាំនេះ មានការយកចិត្តទុកដាក់នូវការត្រៀមជាមុនទាំងការជួសជុលប្រព័ន្ធធារាសាស្ត្រ និងម៉ាស៊ីនបូមទឹក ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ស្រុកក្នុងការជួយសង្គ្រោះស្រូវប្រាំរបស់ប្រជាកសិករបានទាន់ពេលវេលា។

ជាក់ស្ដែង នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកប្រេងម៉ាស៊ូតចំនួន១,០០០លីត្រ ដែលបានពីការឧបត្ថម្ភរបស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជូនដល់ប្រជាកសិករក្នុងស្រុកកំពង់លែងបន្ថែមទៀត ដើម្បីត្រៀមទុកប្រើប្រាស់សក្នុងការបូមទឹកស្រោចស្រព្យស្រូវប្រាំងរបស់ពួកគាត់ នៅពេលជួបប្រទះការខ្វះខាតទឹកទម្រាំដល់ពេលប្រមូលផលនាពេលដ៏ឆាប់ខាងមុខនេះ។

លោកអភិបាលខេត្ត សាន់ យូ និងថ្នាក់ដឹកនាំស្រុកកំពង់លែងមាន លោក សំ ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក លោក យ៉ែម លក្ខិណា អភិបាលស្រុក អភិបាលរងស្រុក មេបញ្ជាការអាវុធហត្ថ អធិការនគរបាលស្រុក អាជ្ញាធរឃុំ ក៏បានជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងមូលដ្ឋានឃុំដារ និងប្រជាកសិករមកពីបណ្ដាឃុំមួយចំនួនទៀតក្នុងស្រុកកំពង់លែងផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត និងថ្នាក់ដឹកនាំក៏បានណែនាំដល់ប្រជាកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំស្រូវ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មទាំងការប្រើជី និងការប្រើថ្នាំកម្ចាត់សត្វល្អិត រួមនិងការបាញ់ថ្នាំបំផ្លាញស្មៅឲ្យមានប្រសិទ្ធភាព ចៀសវាងការចំណាយប្រាក់កាសច្រើនតែពុំទទួលបានលទ្ធផលល្អ ដែលធ្វើឲ្យប្រជាកសិករយើងខាតបង់ប្រាក់និងពេលវេលា។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានបញ្ជាក់ដែរថា ប្រេងចំនួន១,០០០លីត្រដែលជាអំណោយរបស់លោកអភិបាលខេត្ត គឺបានយកទៅផ្ដល់ជូនប្រជាកសិករនៅក្នុងឃុំដារ សម្រាប់បូមទឹកចេញពីចំណុចប្រឡាយស្ទឹងរ័ត្ន ទម្លាក់ចូលប្រឡាយមេនិងបូមចែកចា យតាមស្រែដែលខ្វះខាតទឹក លោកអភិបាលស្រុក បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងភូមិសាស្ត្រតំបន់ខាងលើនេះ បច្ចុប្បន្នមានប្រជាកសិករធ្វើស្រែប្រាំងចំនួន១,៣១៥គ្រួសារ លើផ្ទៃដីស្រែប្រាំងដែលកំពុងបង្កបង្កើនផលជាក់ស្ដែងសរុប៣,៣២៣ហិកតា។

ដោយឡែកក្នុងឃុំដារមានចំនួន៥ភូមិ ដែលភាគច្រើនប្រជាពលរដ្ឋមានមុខរបរបង្កបង្កើនផលស្រូវប្រាំង នៅក្នុងឱកាសនេះ ពួកគាត់រីករាយយ៉ាងក្រៃលែងដោយបានឃើញថ្នាក់ដឹកនាំយកចិត្តទុកដាក់ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនូវគ្រប់កាលៈទេសៈ សកម្មភាពប្រកប ដោយព្រហ្មវិហារធម៌របស់ថ្នាក់ដឹកនាំនៅគ្រប់ទីកន្លែងធ្វើឲ្យពួក គាត់ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ។ ពួកគាត់យល់យ៉ាងច្បាស់ថា ទង្វើដ៏ល្អប្រកបដោយសីលធម៌និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងអស់នេះគឺជាគោលនយោ បាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបន្តយកចិត្តទុកដាក់មកលើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដូចដែលសម្ដេចអគ្គម ហាសេនាបតីតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងយកចិត្តទុកដាក់មកលើជីវភាពរស់នៅប្រជាពលរដ្ឋដូច្នេះដែរ៕