(តាកែវ)៖ លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកេណ្តាលគណបក្សប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ប៉ែន ចន្ទី បានថ្លែងថា សាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមជាតិ ហើយស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកម្ពុជា។
ការថ្លែងបែបនេះរបស់លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹងថា រយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ន នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ម៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុកដាក់បំផុតក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តតុំយ៉ាងល្អត្រចះត្រចង់ទៅជារមណីយពុទ្ធសាសនា ជាពិសេសស្រី និងលោកស្រី ចូលរួមចំណែកថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាង អភិវឌ្ឍន៍ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។
ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅនេះ លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្ទី បានឧបត្ថម្ភជួសជុល ផ្លូវមួយខ្សែតភ្ជាប់បីភូមិ គឺភូមិប៊ិនម៉ៅ ភូមិត្រពាំងផ្លុង និងភូមិតុំ ប្រវែង១,៦០០ម៉ែត្រ ដោយក្រាលថ្មផេះចំនួន១០០ឡាន បានអញ្ជើញចុះសួរសុខទុក ពិសាអាហារសាមគ្គី និងផ្តល់អំណោយជូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវ សរុបចំនួន១,១៦៧គ្រួសារ ឧបត្ថម្ភជូនវិទ្យាល័យនរោត្តមមុនីនាថសីហនុតុំ កុំព្យូទ័រចំនួន២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង ម៉ាស៊ីនចាក់បញ្ចាំង LCD មួយឈុត និងបានផ្តល់ម៉ូតូចំនួន១៣គ្រឿង ជូនដល់ប្រជាពលរដ្ឋ ចំនួនបីភូមិគឺ៖ ភូមិតុំចំនួន៤គ្រឿង ភូមិត្រពាំងផ្លុងចំនួន៣គ្រឿង និងភូមិប៊ិនម៉ៅចំនួន៦គ្រឿង។
សរុបសមិទ្ធផលដែលលោក និងលោកស្រី បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះ និងជាថវិការស្មើ១,៨១៨.៩៧៤ដុល្លារ។
កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដែរថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗ និងក្នុងអាណត្តិនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញជាពិសេសការកែទម្រង់រាជរដ្ឋាភិបាលឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កិត្តិសង្គហបណ្ឌិតក៏បានលើកឡើង និងពន្យល់អំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រអ្នកមានគុណរបស់យើង គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន និងសម្បូររុងរឿងតទៅមុខទៀត។
ក្នុងឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី ក៏បានវេរប្រគេនបច្ច័យអង្គផ្កាប្រាក់មានចំនួន៥វត្ត៖ វត្តតុំ (ក្រុងជូនកែវ) វត្តភ្នំខ្លែង (ស្រុកទ្រាំង) វត្តអង្គក្រូច (ស្រុកបុរីជលសា) វត្តត្រពាំងសំបូរថ្មី (ស្រុកទ្រាំង) និងវត្តសូរ្យច័ន្ទ (ក្រុងដូនកែវ) ក្នុងនោះដោយបានប្រគេនវត្តតុំបច្ច័យ ១០០លានរៀល និងប្រគេន៤វត្តទៀតក្នុង១វត្តៗ បច្ច័យ២៥លានរៀល និងសម្រាប់គណកម្មការ អាចារ្យវត្ដ២លានរៀល។ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូន តាជី យាយជី
ក្រុមប្រឹក្សាសង្កាត់-ក្រុង ដូនកែវ លោកគ្រូ អ្នកគ្រូ យុវជន និងបានឧបត្ថម្ភកម្លាំង ប្រដាប់អាវុធ មានសមត្ថកិច្ចជាច្រើនទៀតផងដែរ៕