(ភ្នំពេញ)៖ មេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី កំពុងស្ថិតក្នុងស្ថានភាពលំបាកមួយក្រោយសម្តីរបស់ លោក ត្រូវបានចាត់ទុកថា បង្កភាពប៉ះពាល់ដល់លោកដូណាល់ ត្រាំ និងលោក JD Vance។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅលើស្ថានភាពនៃទំនាស់ពាក្យសម្តីនេះ៖
ភាពបរាជ័យនៃកិច្ចចរចានារវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបង្ហាញពីភាពកាន់តែមិនច្បាស់លាស់ខ្លាំងឡើងនៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ។
ភាពចម្រូងចម្រាសដោយមានការតម្លើងសម្លេងដាក់គ្នាទៅវិញទៅមកនៅកិច្ចពិភាក្សាក្នុងបន្ទប់ Oval Office នាសេតវិមាន មិនត្រឹមតែបណ្តាលឱ្យមានការលុបចោលកិច្ចព្រមព្រៀងរ៉ែ ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការសង្ស័យលើអនាគតនៃការគាំទ្រយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនផងទៀត។ ភាពវិវត្តន៍ចុងក្រោយនេះ បានជំរុញឱ្យមានប្រតិកម្មជាច្រើនពីមេដឹកនាំអន្តរជាតិ ហើយរំពឹងថាអាចនាំមាននូវផលវិបាកជាច្រើនទៀត ដោយសារតែលទ្ធផលមិនល្អនេះ។
ទំនាស់នៃពាក្យសម្តី គឺផ្តើមចេញពីពាក្យសម្តី ដែលចង់ការពារកិត្តិយសរវាងប្រទេសរៀងៗខ្លួន ខណៈលោក ហ្សេឡិនស្គី បានប្រើពាក្យសម្តីសាកសួរបកទៅវិញពីភាពពាក់ព័ន្ធនៃដំណោះស្រាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលអនុប្រធានាធិបតីអាមេរិក លោក JD Vance បានអះអាងថា គឺសហរដ្ឋអាមេរិកតែងប្រើប្រាស់សកម្មភាពពាក់ព័ន្ធការទូតសម្រាប់ជាដំណោះស្រាយ។
ប៉ុន្តែលោក ហ្សេឡិនស្គី បានសួរបកទៅវិញថានៅក្នុងឆ្នាំ២០១៤ នៅពេលដែលមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានចូលឈ្លានពានគ្រប់គ្រងទឹកដីមួយផ្នែកនាភាគខាងកើត និងតំបន់គ្រីមៀរនោះ អំពើឈ្លានពាននោះ គឺជាទង្វើបំពានច្បាប់ ប៉ុន្តែគ្មានដំណោះស្រាយការទូតណា បានជួយបណ្តេញរុស្ស៊ីចេញវិញឡើយ។
លោក ហ្សេឡីនស្គី បន្តថា ក្រោយមកនៅក្នុងឆ្នាំ២០១៩ លោកបានចុះហត្ថលេខារវាងរូបលោកជាមួយនឹងមេដឹកនាំរុស្ស៊ី លោកពូទីន ដោយមានសាក្សីពីប្រធានាធិបតីបារាំង និងអតីតអធិការបតីអាល្លឺម៉ង់ថែមទៀត។ មេដឹកនាំអ៊ុយក្រែន រូបនោះបាននិយាយអំពីវត្តមាន មេដឹកនាំអាមេរិកជាបន្តបន្ទាប់ដូចជាលោក បារ៉ាក់ អូបាម៉ា, បន្ទាប់មកលោក ដូណាល់ ត្រាំ និងក្រោយមក គឺលោក ចូ បៃដិន ប៉ុន្តែលោកថានយោបាយការទូត ដូចអ្វីដែលលោក JD Vance បានលើកឡើងនោះមិនបានរារាំងរុស្ស៊ីឡើយ ហើយ ក្រោយមកបានធ្វើឱ្យអ៊ុយក្រែន បន្តបាត់បង់ទឹកដី។
លោក JD Vance បានតម្លើងសម្លេងដោយនិយាយថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលជួយអ៊ុយក្រែននូវគ្រឿងសព្វាវុធជាច្រើន ប៉ុន្តែលោកដាក់សំណួរថាហេតុអ្វីបានជាលោក ហ្សេឡិនស្គី និយាយវាយប្រហារដាក់រដ្ឋបាលអាមេរិក ដែលជាប្រទេសការពារអ៊ុយក្រែនកន្លងមកនេះ?
*ហ្សេឡិនស្គី ជជែកតទល់ជាមួយអនុប្រធានាធិបតីអាមេរិក JD Vance លើដំណោះស្រាយការទូត
- Vance៖ ហើយតើអ្នកគិតថា វាជាការកោតគោរពឬទេ នៅពេលមកការិយាល័យ Oval របស់សហរដ្ឋអាមេរិក ហើយលោកបានវាយប្រហាររដ្ឋបាល (អាមេរិក) ដែលកំពុងព្យាយាមការពារ ប្រទេសអ្នកមិនឱ្យមានការបំផ្លាញនោះ?
- Zelenskyy៖ មានសំណួរជាច្រើនណាស់។ ចូរយើងចាប់ផ្តើមពីដំបូង។
- Vance៖ ប្រាកដណាស់។
*លោក Trump ផ្ទុះប្រតិកម្មនៅពេលដែល Zelenskyy និយាយថា សហរដ្ឋអាមេរិកអាច «មានអារម្មណ៍ដូចគ្នានេះ នាពេលអនាគត»
- Zelenskyy៖ ជាដំបូង ក្នុងអំឡុងពេលសង្រ្គាមមនុស្សគ្រប់គ្នាមានបញ្ហា សូម្បីតែរូបអ្នកក៏ដោយ។ ប៉ុន្តែអ្នកមានសមុទ្រដ៏ស្រស់ស្អាត ហើយមិនទាន់មានអារម្មណ៍ទេនាពេលនេះ។ ប៉ុន្តែអ្នកគង់នឹងមានអារម្មណ៍ដូចគ្នានេះនៅពេលអនាគត។
- Trump៖ អ្នកមិនអាដឹងរឿងនោះទេ! អ្នកមិនដឹងឡើយ! សូមកុំមកប្រាប់យើងពីអ្វីដែលយើងនឹងមានអារម្មណ៍ យើងកំពុងព្យាយាមដោះស្រាយបញ្ហា សូមកុំប្រាប់យើងពីអ្វីដែលយើងនឹងមានអារម្មណ៍។
- Zelenskyy៖ ខ្ញុំមិនបានប្រាប់អ្នកទេ! ខ្ញុំកំពុងឆ្លើយសំណួរទាំងនេះ។
- Trump៖ ពីព្រោះអ្នកគ្មានតួនាទីអ្វី ក្នុងការមកនិយាយបង្គាប់លើបញ្ហានេះបានឡើយ។
- Vance៖ នោះជាអ្វី ដែលអ្នកឯងកំពុងធ្វើហើយ។
- Trump៖ អ្នកឯង មិនមានតួនាទីអ្វីមកបង្គាប់យើងនូវអ្វី ដែលយើងនឹងមានអារម្មណ៍នោះទេ។ យើងកំពុងមានអារម្មណ៍ល្អណាស់។
- Zelenskyy៖ អ្នកនឹងមានអារម្មណ៍ពីការរងឥទ្ធិពលនោះ។
- Trump៖ យើងកំពុងមានអារម្មណ៍ល្អ និងរឹងមាំខ្លាំងណាស់។
- Zelenskyy៖ ខ្ញុំកំពុងប្រាប់អ្នកថា អ្នកនឹងមានអារម្មណ៍ការរងឥទ្ធិពលនោះ។
- Trump៖ អ្នកឯងពេលនេះ មិនមែនមកក្នុងស្ថានភាពល្អទេ។ អ្នកឯង កំពុងបណ្តោយខ្លួនឱ្យ ស្ថិតក្នុងស្ថានភាពអាក្រក់។
- Zelenskyy៖ ចាប់តាំងពីដើមដំបូងនៃសង្គ្រាម។
- Trump៖ អ្នកឯងមិនទាន់មានស្ថានភាពល្អទេ អ្នកឯងអត់មានសន្លឹកបៀអ្វីទាល់តែសោះ ពេលនេះ។ ជាមួយនឹងយើង ទើបអ្នកឯងនឹងចាប់ផ្តើមមានសន្លឹកបៀលេងក្នុងដៃ។
- Zelenskyy៖ ខ្ញុំមិនលេងបៀទេ ខ្ញុំនិយាយមែនទែន លោកប្រធានាធិបតី ខ្ញុំនិយាយពិតមែន។
- Trump៖ អ្នកឯងកំពុងលេងបៀហើយ អ្នកកំពុងលេងល្បែងជាមួយជីវិតរបស់មនុស្សរាប់លាននាក់ អ្នកកំពុងលេងល្បែងជាមួយសង្គ្រាមលោកលើកទី៣។
- Zelenskyy៖ តើលោកកំពុងនិយាយអំពីអ្វី?
- Trump៖ អ្នកកំពុងលេងល្បែងជាមួយសង្គ្រាមលោកលើកទី៣។ ហើយអ្វីដែលអ្នកកំពុងធ្វើ គឺការមិនគោរពសោះចំពោះប្រទេសអាមេរិកនេះ ដែលគាំទ្រអ្នកច្រើនជាងមនុស្សជាច្រើនបាននិយាយថា ពួកគេគួរមាននោះ។
- Vance៖ តើអ្នកធ្លាប់បាននិយាយអរគុណម្តងទេ?
- Zelenskyy៖ ច្រើនដង! សូម្បីតែថ្ងៃនេះក៏ដោយ។
- Vance៖ គ្នានទេ នៅក្នុងការប្រជុំទាំងមូលនេះ។ អ្នកបានទៅរដ្ឋ Pennsylvania ហើយធ្វើយុទ្ធ នាការឱ្យក្រុមបក្ខប្រឆាំងកាលពីខែតុលា។
- Zelenskyy៖ អត់មានទេ។
- Vance៖ សូមផ្តល់នូវពាក្យសរសើរខ្លះសម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ប្រធានាធិបតី ដែលព្យាយាមជួយសង្គ្រោះប្រទេសរបស់អ្នក។
- Zelenskyy៖ សូមលោកមេត្តា…អ្នកគិតថាប្រសិនបើអ្នកនឹងនិយាយខ្លាំងៗ អំពីសង្គ្រាមនោះអ្នកអាច។
- Trump៖ គាត់មិននិយាយខ្លាំងៗទេ គាត់មិននិយាយខ្លាំងឡើយ ប្រទេសរបស់អ្នកកំពុងមានបញ្ហាធំ។
- Zelenskyy៖ តើខ្ញុំអាចឆ្លើយបានទេ?
- Trump៖ ទេ ទេ! អ្នកបាននិយាយច្រើន ប្រទេសរបស់អ្នកកំពុងមានបញ្ហាធំ។
- Zelenskyy៖ ខ្ញុំដឹង ខ្ញុំដឹង!
- Trump៖ អ្នកនឹងមិនឈ្នះ… អ្នកនឹងមិនឈ្នះនេះទេ។ អ្នកមានឱកាសល្អណាស់ ក្នុងការចេញមកក្រៅបាន គឺដោយសារតែយើងដែរ។
- Zelenskyy៖ លោកប្រធានាធិបតី, យើងនឹងស្នាក់នៅក្នុងប្រទេសរបស់យើង, រស់នៅក្នុងភាពខ្លាំង។ ចាប់ផ្តើមពីមានសង្គ្រាមដំបូងមកយើងមានតែម្នាក់ឯងទេ ហើយយើងមានការ ដឹងគុណ។ ខ្ញុំសូមនិយាយថា អរគុណ!
*លោកTrump ទាមទារឱ្យ Zelenskyy ទទួលយកបទឈប់បាញ់
- Trump៖ ប្រសិនបើអ្នកមិនមានឧបករណ៍យោធារបស់យើងទេ សង្រ្គាមនេះម្ល៉េះប្រហែលជា បានចប់ក្នុងរយៈពេលពីរសប្តាហ៍ទៅហើយ។
- Zelenskyy៖ ក្នុងរយៈពេលបីថ្ងៃ ខ្ញុំបានឮការនិយាយនេះពីពូទីន ក្នុងរយៈពេលបីថ្ងៃ។
- Trump: ប្រហែលជាតិចជាងនេះ ខ្ញុំសូមប្រាប់អ្នកថា វាដូចជាពិបាកខ្លាំងណាស់ក្នុងការធ្វើអាជីវកម្មបែបនេះ។
- Vance៖ គ្រាន់តែនិយាយថាអរគុណ។
- Zelenskyy៖ ខ្ញុំបាននិយាយច្រើនដងហើយ អរគុណអ្នក និងអរគុណទៅកាន់ប្រជាជនអាមេ រិក។
- Vance៖ (អ្នក) ទទួលយកថាមានការខ្វែងគំនិតគ្នា ហើយយើងដោះស្រាយការខ្វែងគំនិតគ្នាជាជាងការព្យាយាមប្រឆាំងវាចេញទៅ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នៅពេលអ្នកឯងខុស។ យើងដឹងថាអ្នកឯងខុស។
- Trump៖ ប៉ុន្តែអ្នកឃើញដែរទេ… ខ្ញុំគិតថាវាល្អសម្រាប់ប្រជាជនអាមេរិកដើម្បីមើលអ្វី ដែលកំពុងកើតឡើង។ ខ្ញុំគិតថាវាសំខាន់ណាស់ នោះហើយជាមូលហេតុដែលខ្ញុំរក្សារឿងនេះឱ្យបានយូរ។ អ្នកត្រូវតែដឹងគុណ។
- Zelenskyy៖ ខ្ញុំសូមដឹងគុណ។
- Trump៖ អ្នកមិនមានសន្លឹកបៀរទេ! អ្នកបានកប់សាច់រឿងទាំងអស់ មនុស្សកាន់តែបន្តស្លាប់។ អ្នកកំពុងតែខ្វះទាហាន! វាជារឿងមិនល្អទេ ដែលអ្នកប្រាប់ខ្ញុំថា ខ្ញុំមិនចង់បានបទឈប់បាញ់ឡើយ។ ខ្ញុំមិនចង់បានបទឈប់បាញ់គ្នាទេ ខ្ញុំចង់ឱ្យរឿងនោះទៅមុខ ហើយខ្ញុំចង់បានរឿងនេះ។ សូមអ្នកមើលថា បើអ្នកអាចទទួលបានបទឈប់បាញ់ឥឡូវនេះ ខ្ញុំប្រាប់អ្នកថា ចូរអ្នកយកវាទៅ ដើម្បីឱ្យគ្រាប់កាំភ្លើងឈប់ហោះដាក់គ្នា ហើយមនុស្សរបស់អ្នកក៏ឈប់ស្លាប់ដែរ។
- Zelenskyy៖ ពិតណាស់យើងចង់បញ្ឈប់សង្គ្រាម! ប៉ុន្តែខ្ញុំបានប្រាប់អ្នក ដោយសូមឱ្យមានការធានា។
- Trump៖ តើអ្នកនិយាយថា អ្នកមិនចង់បានបទឈប់បាញ់ទេ? ខ្ញុំចង់បានបទឈប់បាញ់គ្នា ព្រោះអ្នកនឹងទទួលបានបទឈប់បាញ់ លឿនជាងកិច្ចព្រមព្រៀង។
- Zelenskyy៖ សួរសួរប្រជាជនរបស់យើងសិន អំពីបទឈប់បាញ់គ្នានោះ តើពួកគេគិតយ៉ាងណា។
- Trump៖ រឿងនោះ វាមិនស្ថិតនៅជាមួយខ្ញុំទេ។ រឿងនោះគឺស្ថិតនៅជាមួយបុរសម្នាក់ឈ្មោះ Biden ដែលមិនមែនជាមនុស្សឆ្លាតវៃឡើយ។
- Zelenskyy៖ នេះគឺជាប្រធានាធិបតីរបស់អ្នក គាត់គឺជាប្រធានាធិបតីរបស់អ្នក។
- Trump៖ សុំទោស! នោះនៅជាមួយលោក អូបាម៉ា ដែលបានអោយ Sheets (ជំនួយមិនសម្លាប់មនុស្សដែលកាលនោះតម្លៃ៦០០លានដុល្លារ) ហើយខ្ញុំបានអោយអាវុធ Javelins ដល់អ្នក។ ខ្ញុំបានអោយអាវុធ Javelins ដល់អ្នកដើម្បីបាញ់រថក្រោះទាំងនោះ។ អូបាម៉ា បានផ្តល់ឱ្យ Sheets ទៅអ្នក។ តាមពិតសេចក្តីថ្លែងការណ៍ គឺលោក Obama បានផ្តល់ Sheets ហើយ Trump បានផ្តល់ឱ្យ Javelins។ អ្នកត្រូវដឹងគុណច្រើនជាងនេះ ហើយទុកឱ្យខ្ញុំប្រាប់អ្នកថា អ្នកមិនមានសន្លឹកបៀនៅនឹងដៃទេ។ ជាមួយយើង អ្នកនឹងមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏មិនមានសន្លឹកបៀនោះដែរ។
*Trump និយាយថា ពូទីន គោរពគាត់ ដោយសារតែការស៊ើបអង្កេតនៃអាណត្តិដំបូងរបស់គាត់
លោក Vance បាននិយាយប្រាប់នូវសំណួររបស់ស្ត្រីយកព័ត៌មានម្នាក់ប្រាប់ ដូណាល់ត្រាំ ថា «នាងកំពុងសួរថា តើមានអ្វីកើតឡើង ប្រសិនបើរុស្ស៊ីបំពានបទឈប់បាញ់»។
- Trump: ចុះបើមាន គឺអ្វី? តើបើសិនជាគ្រាប់បែកធ្លាក់មកលើក្បាលអ្នកឥឡូវ? អូខេ! ចុះបើគេបំពានទៅវិញ? ខ្ញុំមិនដឹងទេ ពួកគេបានបំពានវាជាមួយ Biden ដោយសារតែ Biden…ពួកគេមិនគោរពគាត់។ ពួកគេក៏មិនគោរពលោក អូបាម៉ា ដែរ។ ពួកគេគោរពខ្ញុំ! ខ្ញុំសូមប្រាប់អ្នកថា ពូទីន បានឆ្លងកាត់រឿងលំបាកជាច្រើនជាមួយខ្ញុំ។ គាត់បានឆ្លងកាត់រឿងអាបធ្មប់ (រឿងចោទ ក្លែងក្លាយ) ... អ្វីដែលខ្ញុំអាចនិយាយបាន គឺមានប៉ុណ្ណឹង។ គាត់ប្រហែលជាបានបំពានកិច្ចព្រមព្រៀងជាមួយលោក Obama និងលោក Bush ហើយគាត់ប្រហែលជាបានបំពានរឿងនោះជាមួយ Biden ទៀត។ ប្រហែលជាគាត់បានធ្វើ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ ប៉ុន្តែ ពូទីន មិនបានបំពានរឿងនោះជាមួយខ្ញុំទេ។ គាត់ចង់ធ្វើកិច្ចព្រមព្រៀង ខ្ញុំមិនដឹងថា តើអ្នកអាចធ្វើកិច្ចព្រមព្រៀង បានដែរឬទេ។
បញ្ហានោះ គឺខ្ញុំបានផ្តល់អំណាចឱ្យអ្នក (ងាកទៅរក Zelenskyy) ដើម្បីឱ្យក្លាយជាបុរសដ៏ស្វិតស្វាញ ហើយខ្ញុំមិនគិតថា អ្នកនឹងក្លាយជាបុរសស្វិតស្វាញដោយគ្មានសហរដ្ឋអាមេរិកនោះទេ។ ហើយប្រជាជនរបស់អ្នក គឺជាប្រជាជនដ៏ក្លាហានណាស់។ ប៉ុន្តែវាស្រេចតែអ្នកទេ តើនឹងធ្វើកិច្ចព្រមព្រៀងដែរឬទេ បើមិនធ្វើទេ យើងឈប់និយាយទៅ…ហើយបើយើងឈប់ និយាយហើយ អ្នកដោះស្រាយជម្លោះនោះដោយខ្លួនឯងទៅ។ ខ្ញុំមិនគិតថា រឿងនោះវានឹងល្អទេ ប៉ុន្តែអ្នកនឹងត្រូវដោះស្រាយវាទៅ។
*រដ្ឋបាលអាមេរិក បង្ហាញការដកចេញការគាំទ្រពីអ៊ុយក្រែន
ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានបោះពាក្សម្តីចោទប្រកាន់ថាលោក Zelenskyy កំពុងលេងល្បែងជាមួយ «សង្គ្រាមលោកលើកទី៣» នោះ សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានថ្លែងអំពាវនាវឱ្យមានការផ្លាស់ប្តូរមេដឹកនាំថ្មីអ៊ុយក្រែនណា ដែលអាចធ្វើការវិញ បានជាមួយនឹងសហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ បានថ្លែងថា លោកប្រធានាធិបតីហ្សេឡិនស្គី មិនបានត្រៀមរៀបចំខ្លួន ដើម្បីឱ្យមានសន្តិភាពទេប្រសិនណាបើសហរដ្ឋអាមេរិកនឹងមានការពាក់ព័ន្ធជាមួយ អ៊ុយក្រែន នោះពីព្រោះលោក ហ្សេឡិនស្គី នោះ បានគិតថាភាពពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក គឺនឹងជួយឱ្យលោក ហ្សេឡិនស្គីទទួលបាននូវអត្ថប្រយោជន៍ដ៏ធំមួយក្នុងការចរចា។
លោក ដូណាល់ ត្រាំ និយាយថា លោកមិនត្រូវការអត្ថប្រយោជន៍អ្វីទេ ប៉ុន្តែអ្វីដែលលោកត្រូវការគឺ «សន្តិភាព»។ ប្រធានាធិបតីអាមេរិក បានសរសេរទៀតថា ហ្សេឡិនស្គី មិនគោរពសហរដ្ឋអាមេរិក នៅក្នុងការជជែកនាបន្ទប់ Oval office ឡើយ។ លោក ដូណាល់ ត្រាំ បញ្ជាក់ចុងក្រោយទៀតថា ហ្សេឡិន ស្គី អាចវិលត្រឡប់មកវិញនៅពេលណាដែលគាត់បានត្រៀមខ្លួនសម្រាប់សន្តិភាព។ ប៉ុន្តែ អ៊ុយក្រែន អាចនៅរំពឹងលើការគាំទ្រពីប្រទេសជាសម្ព័ន្ធមិត្តនៅអឺរ៉ុប បើទោះបីជារដ្ឋបាល ដូណាល់ ត្រាំ បង្ហាញការដកខ្លួនមិនគាំទ្រដល់អ៊ុយក្រែនក៏ដោយ។
*ការឆ្លើយតបរបស់អឺរ៉ុប និងការគាំទ្រកើនឡើង
ផ្ទុយទៅវិញ មេដឹកនាំអឺរ៉ុប បានបង្ហាញពីសាមគ្គីភាពយ៉ាងលឿន ជាមួយប្រធានាធិបតី Zelenskyy បន្ទាប់ពីបានឃើញភាពតានតឹងនៃកិច្ចពិភាក្សារបស់លោក ដូណាល់ ត្រាំ, លោក JD Vance ជាមួយនឹងលោក ហ្សេឡិនស្គី នៅក្នុងសេតវិមាននោះមក។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ក្នុងចំណោមអ្នកផ្សេងទៀត បានថ្កោលទោសចំពោះសម្តីរិះគន់និងសម្តីបន្ទោសរបស់លោកត្រាំ និងលោក JD Vance ដោយលោកស្រីបានសរសេរក្នុងបណ្តាញសង្គម កោតសរសើរលើសម្តីបកស្រាយរបស់ ហ្សេឡិនស្គី តទល់ជាមួយប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក។
លោកស្រី Ursula von der Leyen បានសរសេរបង្ហោះលើបណ្តាញសង្គមបញ្ជាក់ថា៖ សេចក្តីថ្លៃថ្នូររបស់លោក ហ្សេឡិនស្គី ផ្តល់កិត្តិយសដល់ភាពក្លាហានរបស់ប្រជាជនអ៊ុយក្រែន។ សារបានសរសេរលើកទឹកចិត្តទៀតថា «សូមបង្កើននូវភាពកាន់តែខ្លាំង កាន់តែក្លាហាន និងកុំខ្លាចអ្វីទាំងអស់»។
សារដដែលថែមទាំងបានបញ្ជាក់ការប្តេជ្ញាថា៖ «លោកប្រធានាធិបតីជាទីស្រឡាញ់ លោកមិនបានឯកោម្នាក់ឯងទេ យើងនឹងបន្តធ្វើការជាមួយលោក ដើម្បីសន្តិភាពមួយយូរអង្វែងនិងយុត្តិធម៌»។ ជំហរអឺរ៉ុបបង្រួបបង្រួមនេះ គឺជាកម្លាំងចិត្តមួយក្នុងការបង្ហាញការគៀកស្មារវាងអឺរ៉ុបជាមួយ នឹងអ៊ុយក្រែន ដែលនឹងបំពេញចន្លោះប្រហោងទាំងឡាយ បើទោះបីជាសហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីការគាំទ្រនោះក៏ដោយ។
នាពេលនេះ ភាពបរាជ័យនៃកិច្ចពិភាក្សា Trump-Zelenskyy បានបង្ហាញពីភាពមិនច្បាស់លាស់នូវទំនាក់ទំនងរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក។ សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham ដែលធ្លាប់ធ្វើទស្សនកិច្ចក្រុងគៀវ និងធ្លាប់ជួបជាមួយលោក ហ្សេឡិនស្គី ច្រើនដងផងដែរនោះ បានថ្លែងថាមេដឹកនាំអ៊ុយក្រែន បានដើរហួសពីបន្ទាត់នៃអកប្បកិរិយាជា អ្នកដឹកនាំប្រទេសហើយ។ សម្តីរបស់ Lindsey Graham បាននិយាយថា «អ្វីដែលខ្ញុំបានឃើញ នៅក្នុងបន្ទប់ Oval Office គឺជាទង្វើដែលគ្មានការគោរពឡើយ។ ខ្ញុំមិនដឹងថាតើយើងអាចធ្វើជំនួញជាមួយនឹងលោក ហ្សេឡិនស្គី បានទៀតដែរឬទេ។ ហ្សេឡិនស្គី ចាំបាច់ត្រូវលាលែងចេញពីតំណែង និងគេត្រូវបញ្ជួននរណាម្នាក់ដែលយើងនឹងអាចធ្វើជំនួញជាមួយបាន ឬបើពុំដូច្នោះទេ ហ្សេឡិនស្គី ត្រូវតែផ្លាស់ប្តូរនូវអកប្បកិរិយារបស់គាត់»។
ទោះបីជាយ៉ាងណាក៏ដោយលោក ហ្សេឡិនស្គី នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News របស់អាមេរិក បានព្យាយាមនិយាយស្វែងរកកិច្ចប្រឹងប្រែងបង្កើតទំនាក់ទំនងល្អ ជាមួយនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ ឡើងវិញ ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានរិះគន់ដល់លោក ហ្សេឡិនស្គី និងតម្រូវឱ្យមេដឹកនាំអ៊ុយក្រែនរូបនោះ ធ្វើការសុំទោសដល់ប្រធានាធិបតីអាមេរិកថែមទៀត។
សប្តាហ៍ខាងមុខនេះ គឺជាសប្តាហ៍ ដែលរំពឹងថា នឹងមានសារៈសំខាន់មួយក្នុងការចង់ដឹងថា តើអ៊ុយក្រែននឹងត្រូវរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាងណាដើម្បីបន្ទន់ចិត្តសហរដ្ឋអាមេរិក ដែលកំពុងខឹងសម្បារជាខ្លាំងនេះ៕