(ភ្នំពេញ)៖ បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូង ដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។
លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយ បានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ ដែលកំពុងស្នាក់នៅ ធ្វើការនៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។
លោក អះអាងថា «ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើង រចនាសម្ពន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះ ដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។
បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ។
ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿ ព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។
លោកបញ្ជាក់ថា «ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយពលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង»។
លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍរបស់កម្ពុជា។
ទន្ទឹមនឹងនេះ លោក សំ សឿន អ្នកតាមដានសង្គមនយោបាយ បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី និងនៅទឹកដីកូរ៉េខាងត្បូងសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕