(ភ្នំពេញ)៖ «ល្ម៉ើ» ជាដំណាំដ៏មានសក្តានុពលខ្ពស់ ក្នុងតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ខណៈដែលក្រុមហ៊ុនក្នុងស្រុកមួយ របស់កម្ពុជា បានជំរុញនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ នាំគ្នាដាំដំណាំនេះ ហើយខ្លួននឹងធានាទិញយកទាំងអស់ ជាមួយនឹងតម្លៃសមរម្យ និងស្ថិរភាពទីផ្សារ។
លោក ឡេង មុន្នីនាថ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប ដែលជាក្រុមហ៊ុនរបស់កម្ពុជា ដែលជំរុញនិងលើកទឹកចិត្តឲ្យ ប្រជាកសិករដាំដំណាំ ល្ម៉ើ បានអះអាងថា សម្រាប់កសិករដែលបានវិនិយោគ ដំណាំល្ម៉ើជាមួយក្រុមហ៊ុននោះ ក្រុមហ៊ុននឹងផ្ដល់នូវលិខិត ធានាពូជ និងសន្យាថា ៣ឆ្នាំក្រោយនឹងទទួលបានផលពីដំណាំនេះ ហើយប្រសិនបើការវិនិយោគនេះ មិនបានផលវិញនោះ ក្រុមហ៊ុន ធានារ៉ាប់រង់សងជូ នទៅដល់កសិករវិញ១០០ភាគរយ។
លោកបានបញ្ជាក់ថា «ទីផ្សារល្ម៉ើមានលក្ខណៈសំខាន់៣យ៉ាង ទី១-ល្ម៉ើជាដំណាំដែលមិនអាចខ្វះបាន របស់ប្រជាជនអ៊ីស្លាម ព្រោះប្រជាជន អ៊ីស្លាមត្រូវការបរិភោគផ្លែល្ម៉ើជារៀងរាល់ថ្ងៃ ហើយនៅក្នុងតំបន់អាស៊ាន គឺមានតែប្រទេស៤តែប៉ណ្ណោះ ដែលអាចដាំដំណាំល្ម៉ើនេះបាន។ ទី២-ល្ម៉ើអាចកែច្នៃទៅជាផលិតផល យ៉ាងច្រើនរួមមាន ការកែរច្នៃទៅជាទឹកឃ្មុំ ទឹកផ្លែឈើ ជាតែ ស្ករ ហើយទាំងនេះ គឺជាតម្រូវការរបស់ប្រជាជនទូទៅ ដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ។ ទី៣-ល្ម៉ើអាចកែច្នៃទៅជាផលិតផល ដែលមិនប៉ះពាល់ ទៅដល់សុខភាព ដោយអាចឲ្យអ្នកកើតជំងឺទឹកនោមផ្អែមបរិភោគជំនួសស្ករបាន និងមិនប៉ះពាល់ទៅដល់សុខភាព ដោយអ្នកកើតជំងឺអាច បរិភោគល្ម៉ើដល់ទៅ៤ គ្រាប់ក្នុង១ថ្ងៃ ដូចគ្នាទៅនឹងអ្នកជំងឺលើសឈាម ប្រសិនបើយើងបរិភោគល្ម៉ើ ចំនួន៣គ្រាប់ក្នុង១ថ្ងៃនោះវានឹងជួយ ទៅដល់សុខភាពរបស់យើង»។
លោកបានដឹងទៀតថា «ក្រុមហ៊ុនមានគោលការណ៍ចំនួន៨ ទៅដល់អតិថិជនគឺ ទី១.ក្រុមហ៊ុនចុះពិនិត្យផ្ទាល់ទៅលើទឹក ដី ដើម្បីអាចដឹងថា តើដីនេះអាចប្រកបដំណាំល្ម៉ើបានដែរ ឬទេ? ប្រសិនជាដីនេះ មិនអាចប្រកបដំណាំល្ម៉ើបានទេនោះ ក្រុមហ៊ុននឹងមិនលក់ឲ្យ អតិថិជននោះឡើយ។ ទី២.ក្រុមហ៊ុនធានាដឹងជញ្ជូនទៅដល់អតិថិជន២៥ខេត្ត-ក្រុងដោយឥតគិតថ្លៃ។ ទី៣-ក្រុមហ៊ុនមានការធានា ជួយរយៈពេល៣ខែ ទៅដល់អតិថិជន ដែលយកដាំល្ម៉ើទៅដាំ។ ប្រសិនបានរយៈពេលនេះមានល្ម៉ើ ស្លោក ងាប់ នោះក្រុមហ៊ុននឹងធ្វើការប្តូរ ជូនដោយមិនគិតថ្លៃ ទៅដល់អតិថិជន ទី៤-ក្រុមហ៊ុននឹងធ្វើការចុះជួយបច្ចេកទេស ទៅដល់អតិថិជន៣ខែម្ដងរយៈពេល១០ឆ្នាំ។ ទី៥.រៀងរាល់៦ខែ ខាងក្រុមហ៊ុននឹងរៀបចំវគ្គបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថិភាពចែករំលែកព័ត៌មាន ទៅដល់អតិថិជន។ ទី៧.ប្រសិនអស់រយៈពេល៣-៤ឆ្នាំដំណាំល្ម៉ើ មិនមានផ្លែនោះក្រុមហ៊ុន នឹងធ្វើការសងទៅអតិថិជនទាំងអស់វិញ និង ទី៨-ចំពោះទីផ្សារ ក្រុមហ៊ុនមានការធានាជូនទៅដល់កសិករ ក្នុងការទិញផ្លែល្ម៉ើវិញ ក្នុងតម្លៃ៣ដុល្លារថេរក្នុង១គីឡូ ទោះបីជាល្ម៉ើធ្លាក់ថ្លៃក៏ដោយ ក៏ក្រុមហ៊ុននៅរក្សារក្នុងការទិញចូលវិញនៅតម្លៃថេរ»។
ក្នុងនោះផងដែរ លោក ស្រ៊ាង វណ្ណរត្ន័ ដែលជាកសិកររស់នៅក្នុងភូមិអង្ក្រង ឃុំសំរោង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា «ខ្ញុំបានប្រកបរបស់ដាំដំណាំល្ម៉ើនេះ អស់រយៈពេល៤ខែហើយ។ បើតាមការវិភាកមើលខ្ញុំគិតថា ដំណាំល្ម៉ើអាចទទួលផលច្រើនជាងដំណាំម្រេច និងផ្ដល់ភាពងាយស្រួលក្នុងការថែទាំ។ ខ្ញុំសង្ឃឹមថា ទៅថ្ងៃ អនាគត វានឹងទទួលបានផលល្អជាទីគាប់ចិត្ត ហើយនឹងល្អជាងដំណាំ ខាងផ្នែកឧស្សាហកម្ម កសិកម្មផ្សេងៗ ល្អជាងច្រើន»។
ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ក៏បានជំរុញ ឱ្យប្រជាកសិករខ្មែរ ងាកទៅចាប់អារម្មណ៍ដាំដុះដំណាំ «ល្ម៉ើ» នៅក្នុងប្រទេសកម្ពុជា ដោយលោកអះអាងថា ដំណាំប្រភេទនេះ កំពុងមានទីផ្សារខ្ពស់នៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ីនេះតែម្តង។
គួរបញ្ជាក់ថា ដំណាំ «ល្ម៉ើ» ជាឈើមួយប្រភេទសន្តានត្នោត តែមានស្លឹក និងបន្លាផ្សេងគ្នាពីត្នោត មានផ្លែតូចៗហើយរសជាតិផ្អែម។ គេអាចយកផ្លែ «ល្ម៉ើ» ទៅធ្វើជាបង្អែម ដំណាប់ ភេសជ្ជៈ និងស្ករលម៉ើជាដើម ហើយវាជាអាហារពេញនិយមបំផុតសម្រាប់ប្រជាជន ឥស្លាម។ ដំណាំល្ម៉ើអាចដំានៅតំបន់ខ្ពស់រាប មិនលេចទឹក។
ដំណាំ «ល្ម៉ើ» ត្រូវបានអ្នកជំនាញកសិកម្មអះអាងថា នឹងចាប់ផ្តើមទទួលផល ក្នុងរយៈពេល៣ឆ្នាំ បានចាប់ពី៤០គីឡូទៅ១០០គីឡូក្រាម ក្នុងមួយដើម ហើយក្នុងរយៈពេល១០ ឆ្នាំអាចទទួលផល បាន៥០គីឡូឡើងទៅក្នុងមួយដើមៗ៕