(កណ្តាល)៖ សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាចំនួន ៩២២ នាក់ ដែលមកពីឃុំចំនួន៣នៃស្រុកពញាឮ ខេត្តកណ្តាល រួមមានឃុំវិហារលួង ឃុំផ្សារដែក និងឃុំភ្នំបាត ត្រូវបានរៀបចំពិធីប្រកាសបញ្ចូល នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត កែវ បេងវឌ្ឍន៍ អនុប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង។

សមាជិកគណបក្សថ្មី សរុបមានចំនួន ៩២២នាក់ ដែលត្រូវប្រកាសបញ្ចូលនេះរួមមាន៖ ឃុំវិហារលួង សរុប ២៦៩ នាក់ (ស្រី១១១នាក់) ឃុំផ្សារដែក សរុប ៣០៨នាក់ (ស្រី ១៥៩នាក់) និងឃុំភ្នំបាត សរុប ៣៤៥ នាក់ (ស្រី១៩៦នាក់) ដែលភាគច្រើនជាយុវជនទើបគ្រប់អាយុ និងបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងក្រៅពីនេះ មានសមាជិកដែលជាអតីតមានសកម្មជនគណបក្សផ្សេងសរុប ២៥នាក់ (ស្រី១៣នាក់) ផងដែរ។

ថ្លែងក្នុងឱកាសនោះ បណ្ឌិត កែវ បេងវឌ្ឍន៍ បានពាំនាំនូវការសួរសុខទុក្ខពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងសូមស្វាគមន៍ចំពោះកូនក្មួយ ដែលទើបគ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។

លោកបន្តថា ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះសម្រាប់ឃុំទាំងបី មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។

ឆ្លៀតយកឱកាសនេះ បណ្ឌិត កែវ បេងវឌ្ឍន៍ គូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន សម្រាប់បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា៖

ទី១៖ បានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត ទប់ស្កាត់របបវាលពិឃាត សាហាវយង់ឃ្នងនេះ មិនឲ្យវិលត្រឡប់មកជាលើកទី២ ជាដាច់ ខាត ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ។

ទី២៖ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំនោះ ត្រវបានបនប្រល័យពូជសាសន៍ ប៉ុល ពត បានកំចាត់ចោល ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវា។

ទី៣៖ បានស្តារនិងកសាងប្រទេសឡើងវិញពីបាតដៃទទេ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ជាបណ្តើរៗ រហូតមានការរីកចម្រើនគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នា បានឃើញ និងទទួលស្គាល់។

ទី៤៖ បានធ្វើជាកម្លាំងស្នូលក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។

ទី៥៖ សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ទី៦៖ រាជរដ្ឋាភិបាលនៃអ្នកបន្ដវេន បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋ ពិសេសបន្ដរក្សាបាននូវសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។

បណ្ឌិត កែវ បេងវឌ្ឍន៍ ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មីផងដែរថា៖

ទី១៖ សមាជិកគណបក្ស ដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រៀមខ្លួនជាដរាប ក្នុងការចូលរួមសកម្មភាពនានារបស់គណបក្ស ជាពិសេស គឺការទៅបោះឆ្នោតគ្រប់ពេលទាំងអស់ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺ សមាជិកម្នាក់ ត្រូវសម្លេងគាំទ្រមួយសន្លឹក។

ទី២៖ សិក្សាស្វែងយល់ពីបុព្វហេតុ ពីប្រវត្តិ ពីគផលនយោបាយ និង ពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយដ៏សម្បូរបែបដែលមានសព្វថ្ងៃ (Facebook, tick tok, TV ជាដើម)

ទី៣.៖ កូន ក្មួយ ចៅៗ គឺយុវជនដែលជាកម្លាំងបន្តវេនគណបក្សទៅថ្ងៃមុខ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពជំនាញទាំងផ្នែករឹងនិងផ្នែកទន, មានវិន័យ, ចេះធ្វើការជាក្រុម, មានក្រមសីលធម៌, គុណធម៌, ចរិយាធម៌ និងចេះជួយកិច្ចការសង្គមផ្សេងៗ ព្រមទាំងត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយយមុខផ្សេងៗ។

ទី៤. សមាជិកគណបក្សទាំងអស់, ត្រូវចូលរួមដោះស្រាយ និងកែលម្អបញ្ហាខ្វះចន្លោះនានា ព្រមទាំងត្រូវខិតខំបម្រើប្រជាជនឱ្យបានល្អ ពោលគឺមិនមែនចូលបក្ស ដើម្បីបង្កើតបញ្ហាដល់បក្ស និងការថ្នាំងថ្នាក់ និងបង្កអំពើអសកម្មដល់ប្រជាជននោះទេ។

ទី៥៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងបក្ស ដោយគ្មានការរើសអើង រវាងសមាជិកចាស់ និងសមាជិកថ្មី និង បន្តជួយគ្នា និងសហការគ្នា

ទី៦៖ ខិតខំការពារគណបក្ស និងធ្វើការវាយបកទៅកាន់ពួកប្រឆាំង និងពួកអគតិដែលតែងតែចិញ្ចឹមចិត្ត និងរិះរកគ្រប់មធ្យោបាយ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព។ ការពារគណបក្សប្រជាជនកម្ពុជា គឺជាការការពារយុត្តិធម៌ និងការពារការអភិវឌ្ឍ

ទី៧៖ សូមកុំខឹងគោ វាយរទេះ។ ការអាក់អន់ ស្រពន់ចិត្តទៅលើបុគ្គលណាម្នាក់ សូមកុំរាលដាលដល់ការអាក់អន់ចិត្តដល់គណបក្ស។

ទី៨៖ ក្រុមការងារគណបក្សចុះមូលដ្ឋានទាំងបីឃុំ នៅជាមួយបងប្អូនយើងទាំងអស់គ្នា។ យើងរួមសុខរួមទុក្ខជាមួយគ្នា។ យើងខ្ញុំទាំងអស់គ្នានៅទីនេះ ដើម្បីជួយបងប្អូន និងដើម្បីជួយគណបក្សប្រជាជនកម្ពុជា។ សូមរារែក បើមានកិច្ចការអ្វីសូមទាក់ទងមកក្រុមការងារ យើងនឹងដោះស្រាយជាមួយគ្នា៕