(ភ្នំពេញ)៖ បន្ទាប់ពីឃើញភាពតានតឹង និងបរាជ័យនៃការចរចារវាងលោក ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែននោះ លោក ខៀវ កាញារីទ្ធ សមាជិករដ្ឋសភាកម្ពុជា ដែលធ្លាប់រួមដំណើរដ៏ជូរចត់ជាមួយសម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីគំរូនៃវីរភាព និងភាពអង់អាចរបស់សម្ដេចតេជោ ហ៊ុន សែន ពេលការចរចាជាមួយរដ្ឋាភិបាលត្រីភាគី កាលពីឆ្នាំ១៩៨៧ ដើម្បីស្វែងរកច្រកក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាមរបស់កម្ពុជា។

តាមរយៈសារនៅលើបណ្ដាញសង្គម លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន បានបាត់បង់ម្ចាស់ការ និងតម្លើងសំឡេងតឹងសរសៃក ក្រោយរងនូវសម្ដីប្រមាថពីប្រធានធីបតី និងអនុប្រធានាធិបតីអាមេរិក ដែលជាហេតុធ្វើឲ្យគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល។

លោកបានទាញភ្ជាប់ចំណុចនេះ ជាមួយអ្វីដែលកម្ពុជាធ្លាប់ឆ្លងកាត់ ពោលនៅពេលសម្ដេចតេជោ ហ៊ុន សែន ត្រូវបានដេញចេញមិនឲ្យនៅសណ្ឋាគារជាមួយ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មុនការចរចា។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នៅតែរក្សាជើងអុកបានល្អគ្រប់កាលៈទេសៈទាំងអស់ ដោយសម្ដេចចេះបត់បែនតាមសភាពការណ៍ដែលកើតឡើង ហើយសុខចិត្តទៅនៅកន្លែងផ្សេង ដើម្បីឈានទៅជំនួបជាប្រវត្តិសាស្ដ្រ សីហនុ-ហ៊ុន សែន ហ្វែអង់តាដឺន័រ ឆ្នាំ១៩៨៧។ លោក ខៀវ កាញារីទ្ធ បានអះអាងថា ភាពអង់អាច និងចេះបត់បែនសម្រួលតាមសភាពការណ៍នេះ គឺជាឥរិយាបថមួយដែលអ្នកនយោបាយតិចណាស់ដែលមាន ហើយក៏ជាសំណាងរបស់កម្ពុជា។

សំណេនៅលើបណ្ដាញសង្គម Facebook លោក ខៀវ កាញារីទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា៖

«ឃើញលោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាត់ម្ចាស់ការក្រោយពីសម្តីប្រមាថរបស់អនុប្រធានាធិបតី Vance និង លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយក៏តម្លើងសម្លេងតឹងសរសៃក តជាមួយលោកត្រាំ ដែលបណ្តាលឲ្យគម្រោងចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរត្រូវធ្លាក់ទឹកមក ទើបនឹកស្ងើចសរសើរសម្តេចតេជា របស់កម្ពុជាយើង។ លោកចេះបត់បែន តាមសភាពការណ៍ តែនៅរក្សាជើងអុកបានល្អនៅក្នុងគ្រប់កាលៈទេសៈ។

ខ្ញុំចាំមិនភ្លេចនៅពេលទៅចរចាជាលើកដំបូង ជាមួយព្រះបរមរតនកោដ្ឋ សម្តេចតេជោ ត្រូវដេញចេញមិនឲ្យនៅក្នុងសណ្ឋាគារជាមួយព្រះបរមរតនកោដ្ឋ បើសិនជាមនុស្សផ្សេង ប្រហែលមកស្រុកខ្មែរវិញបាត់ ព្រោះពេលនោះពិតមែនតែមានសង្គ្រាមក្នុងស្រុក តែរដ្ឋាភិបាលចម្រុះត្រីភាគីត្រួតត្រាទឹកដីមិនបាន៥%ផង។ តែសម្តេចតេជោ សុខចិត្តទៅនៅកន្លែងផ្សេង ដើម្បីឈានទៅជំនួបជាប្រវត្តិសាស្ត្រសីហនុ-ហ៊ុន សែន។

ហើយជាបន្តបន្ទាប់ ពេលចរចាសម្តេចតេជោមួយអង្គឯង តនឹងមេបក្សទាំង៣ (ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សរំដោះលោក សឺន សាន និងខ្មែរក្រហម) និងបន្ទាប់មកទៀត ការចរចាក្រោមឆត្រ អ៊ុនតាក់ ដែលពេលនោះមហាអំណាចទាំងអស់ ក្រៅពីសហភាពសូវៀត ដែលកំពុងមានវិបត្តិផ្ទៃក្នុងច្រើនមិនអាចជួយអ្វីបាន សុទ្ធតែលម្អៀងទៅរដ្ឋាភិបាលត្រីភាគី និងយល់ថា រដ្ឋកម្ពុជា ត្រូវតែកម្ចាត់ចេញ សម្តេចតេជោ នៅតែរក្សាបានប្រៀបលើតុចរចា។ នេះជាឥរិយាបថមួយ ដែលអ្នកនយោបាយតិចណាស់មានបែបនេះ។ នេះជាសំណាងរបស់កម្ពុជា!»

សូមរំលឹកថា ការចាប់ផ្ដើមចរចាដែលគេហៅថា ការចរចាសីហនុ-ហ៊ុន សែន ហ្វែអង់តាដឺន័រ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧ គឺជាការចាប់ផ្តើមមួយដ៏សំខាន់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ៕