(ភ្នំពេញ)៖ រយៈពេល៦ថ្ងៃហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានតេស្តរកឃើញជំងឺកូវីដ១៩ ប៉ុន្តែទោះបានមានជំងឺកូវីដ១៩ ក៏ដោយក៏សុខាភាពរបស់សម្តេចតេជោនៅធម្មតា ដូចជាមិនមានជំងឺកូវីដ១៩ ដូច្នេះដែរ ដោយសម្តេចនៅតែបន្តហាត់ប្រាណ ថែរក្សាសុខភាព តាមរយៈការវាយកូនហ្គោល ជាធម្មតា។

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោល កីឡាពេលព្រឹក ដើម្បីសុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យបងប្អូនជនរួមជាតិ ហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីការឆ្លងជំងឺកូវី១៩ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមកដល់ថ្ងៃនេះ មានរយៈពេល៦ថ្ងៃមកហើយ ប្រភេទវីរុសកូវីដ១៩ ដែលឆ្លងសម្តេច គឺប្រភេទអូមីក្រុង។

បន្ទាប់ពីឆ្លងកូវីដ១៩ សម្តេចតេជោ បានប្រកាសលុបចោល កម្មវិធីជួបភ្ញៀវមួយចំនួន រួមទាំងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានៅថ្ងៃទី២៦ ខែកុម្ភៈផងដែរ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ជំងឺកូវីដ១៩នេះ អាចនឹងជាសះស្បើយ នៅរយៈពេល ៣ឬ៤ថ្ងៃខាងមុខ៕