(រតនគិរី)៖ ឆ្លើយតបនឹងការចោទប្រកាន់ថា មន្រ្តីអនុរក្សពន្ធនាគារខេត្តរតនគិរី បានជម្រិតទារប្រាក់ពីសាច់ញាតិពរុទ្ធជននោះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ លោក ទិន សុវណ្ណនី ប្រធានពន្ធនាគារខេត្ត បានចេញមកច្រានចោលទាំងស្រុង និងថាមួយសប្តាហ៍ សាច់ញាតិអាចសុំចូលសួរសុខទុក្ខបានតែមួយដងប៉ុណ្ណោះ គឺនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។
លោក ទិន សុវណ្ណនី បានប្រាប់អង្គភាព Fresh News ថា «មិនមានការជម្រិតទារប្រាក់ ពីសាច់ញាតិនោះទេ តែយ៉ាងណានោះខ្ញុំនឹងប្រជុំជាមួយមន្រ្តីរបស់ខ្ញុំបន្តទៀត ដើម្បីរឹតបន្តឹងការងារទាំងនេះឲ្យកាន់តែមានប្រសិទ្ធភាព»។
ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោកក៏បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាសាច់ញាតិរបស់អ្នកជាប់ឃុំផងដែរ។ ប្រធានពន្ធនាគារខេត្តរតនគិរីនរះ បាន បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា យោងតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីជួយសម្រួលដល់សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងពន្ធនាគារ និងការផ្តល់ជំនួយសម្ភារ ម្ហូបអាហារដល់ជនជាប់ឃុំ ពន្ធនាគារ ខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា -ទី១. បងប្អូនប្រជាពលរដ្ឋ ជាគ្រួសារសាច់ញាតិជនជាប់ឃុំ អាចសុំជួបជនជាប់ឃុំបាន១ដង ក្នុង១សប្តាហ៍ នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់មានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន ឬសៀវភៅស្នាក់នៅ។
-ទី២. ការជួបគ្រួសារមិនអនុញ្ញាតឲ្យយកលុយពីសាច់ញាតិ ជនជាប់ឃុំឡើយ។
-ទី៣. ការជួបគ្រួសារត្រូវគោរពតាមបទវិន័យការជួបសួរសុខទុក្ខជនជាប់ឃុំ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងច្បាប់របស់ពន្ធនាគារ និង
-ទី៤. បងប្អូនសាធារណជន និងប្រជាពលរដ្ឋដែលប្រព្រឹត្តខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ពន្ធនាគារខេត្តរតនគិរី សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីពន្ធនាគារ នឹងចូលរួមអនុវត្តនៃសេចក្តីជូនដំណឹងនេះឲ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា សាច់ញាតិពិរុទ្ធជន បានធ្វើការរិះគន់មន្ត្រីពន្ធនាគារ ខេត្តរតនគិរីថា បានជម្រិតទារលុយពីពួកគាត់ខណៈទៅសួរសុខទុក្ខ និងយកចំណីអាហារយកទៅ ឲ្យសាច់ញាតិរបស់ពួកគេ ដែលកំពុងជាប់ឃុំឃាំង។ ប្រជាពលរដ្ឋទាំងនេះ បាននិយាយថា ថ្ងៃធម្មតាគឺមន្រ្តីអនុរក្សយក ៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀល តែសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ យកពី ៥ពាន់រៀលទៅ ១ម៉ឺនរៀល(សម្រាប់ម្នាក់)។
ប្រភពព័ត៌មានដដែលខាងលើ ប្រាប់បន្តទៀតថាពិរុទ្ធជនទោសធ្ងន់ ស្នាក់នៅបន្ទប់ដោយឡែកហើយ បើចង់ផ្ទេរមកស្នាក់ នៅជាមួយពិរុទ្ធជនទោសស្រាលពោល គឺជិតមានសេរីភាពវិញ ត្រូវចំណាយលុយយ៉ាងក្រាស់ក្រែល៕