(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យទាញយកនិងប្រើប្រាស់ជាផ្លូវការ App ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM Weather) តាមរយៈទូរសព្ទដៃវៃឆ្លាតប្រព័ន្ធ iOS និង Android។ តាមរយៈ App ផ្លូវការនេះ នឹងជួយឱ្យបងប្អូនប្រជាពលរដ្ឋអាចយល់ដឹងពីធាតុអាកាស និងអាកាសធាតុ ក៏ដូចជាស្ថានភាពទឹកនៅប្រទេសកម្ពុជាផងដែរ។
ការជម្រុញ និងលើកទឹកចិត្តរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
លោករដ្ឋមន្រ្តី បានថ្លែងថា៖ « App នេះនឹងផ្ដល់ព័ត៌មានរៀងរាល់១ម៉ោងម្ដង ថាតើធាតុអាកាស អាកាសធាតុកម្រិតណាជាប្រចាំតាមរយៈ App ដែលជារបស់ក្រសួងធនធានទឹក ដែលដូចជារបស់ជាតិយើងដែរ។ App នេះសំខាន់ អញ្ចឹងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស គួរតែ Download App នេះទៅអត់មានបង់លុយទេ។ ហើយ App នេះមិនមែនត្រឹមតែជាធាតុអាកាសនោះទេ គឺយើងបានផ្ដល់ជាកម្ពស់ទឹក ទឹកទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ គឺយើងមានកម្ពស់ទឹកជូនដំណឹងថា កម្ពស់ប៉ុណ្ណា ដែលងាយស្រួលសម្រាប់អ្នកនាវាចរ គាត់ដឹងថាកម្ពស់ទឹកប៉ុណ្ណា។ ប្រព័ន្ធនេះអាចជួយប្រជាពលរដ្ឋយើងយល់ដឹងថាតើ យើងមានអីគេខ្លះក្នុងប្រទេសរបស់យើង ពាក់ព័ន្ធទៅនឹងធាតុអាកាស កម្ពស់ទឹក មានទាំងកម្ពស់ស្ទឹងសំខាន់ៗទៀតដែលយើងមាននៅទូទាំងប្រទេស»។
អាស្រ័យហេតុនេះហើយ ដើម្បីពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជាពិសេសតាមប្រព័ន្ធឌីជីថល (Digital) ដែលគ្មានដែនកំណត់ទៅកាន់ពិភពលោកឱ្យកាន់តែឆាប់រហ័ស គ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការកំពុងពេញនិយមនៃអ្នកប្រើប្រាស់ទូរសព្ទឆ្លាតវៃ (Smart Phone) នាពេលបច្ចុប្បន្ន ក្រសួងបានបង្កើត
សូមជម្រាបថា App ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម មានឈ្មោះថា MOWRAM Weather មានជម្រើសពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស ហើយមានមាតិកាសំខាន់ៗដូចជា ព័ត៌មានស្តីពីឧតុនិយម កម្ពស់ទឹកទន្លេនិងទឹកស្ទឹងមួយចំនួន និងព័ត៌មានថ្មីៗជាច្រើនទៀត របស់ថ្នាក់ដឹកនាំក្រសួង ហើយដែលមានខ្លឹមសារព័ត៌មានជា អត្ថបទ រូបភាព សំឡេង និងវីដេអូ៕