(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ សវនាការករណីលោក ហុង សុខហួរ បាននឹងកំពុងបន្តដំណើរការនៅរសៀលថ្ងៃនេះ នាសាលាដំបូង រាជធានីភ្នំពេញ។ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ។
លោក ហុង សុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ។
ក្នុងករណីដែលតុលាការរកឃើញថា លោក ហុង សុខហួរ ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះ លោក ហុងសុខហួរ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ នេះបើយោងតាមបទល្មើសដែលតុលាការបានចោទប្រកាន់លោក ហុង សុខហួរ៕