(ភ្នំពេញ)៖ អនុវត្តទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង Walk Street ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំបន្ថែមជាបន្តបន្ទាប់ ទាំងការតាំងលក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ របាំប្រពៃណី រៀបចំបណ្ណាល័យចល័ត មានដាក់ស៊ីក្លូ រត់ទៅមកម្ដង៥គ្រឿង (ទៅ៥គ្រឿង មក៥គ្រឿង) ជាការជួយអភិរក្សស៊ីក្លូផង ជួយសម្រួលដល់ចាស់ៗ ពិបាកដើរផង និងជនពិការ ជាមួយនឹងការកែសម្រួលតម្រាយខ្សែរត់ ខ្សែទី១C និងបន្ថែមម៉ោងប្រតិបត្តិការ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងជាដើម។

ជាក់ស្តែងសប្តាហ៍ទី៥ ត្រូវនឹងរាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យមានឈុតល្ខោនបាសាក់ របាំប្រពៃណី និងចាប៉ីដងវែង (នាយសាម សុវណ្ឌឿន) ផងដែរ។

បើតាមលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ចុងសប្តាហ៍ទីនេះ (ថ្ងៃសៅរ៍ទី១ មីនា) នៅទីតាំងផ្លូវថ្មើរជើង (Walk Street) នឹងមានរៀបចំឈុតល្ខោនបាសាក់ របាំប្រពៃណី និង ចាប៉ីដងវែង (នាយ សាម សុវណ្ឌឿន) ហើយនៅសប្តាហ៍ក្រោយនឹងមានកំប្លែងនាយក្រឹម។

ថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវចេះកើនឡើងជាលំដាប់។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋ ក៏បានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ មហោរី និងរបាំប្រពៃណី រៀបចំបណ្ណាល័យចល័ត មានដាក់ស៊ីក្លូរត់ទៅមកម្ដង៥គ្រឿងទៅ៥មក៥គ្រឿង ជួយអភរក្សស៊ីក្លូផងជួយសម្រួលដល់ចាស់ៗពិបាកដើរផងនិងជនពិការ ជាមួយនឹងការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១C និងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងបន្ថែម ដោយអនុវត្តនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ នីមួយៗ រហូតដល់ម៉ោង ១១៖០០នាទីយប់។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕