Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុអំពាវនាវដល់វត្តអារាមទាំងអស់ ត្រូវរៀបចំឲ្យមានសោភ័ណភាពបរិស្ថានស្អាត ការដាំដើមឈើ រៀបចំសួនច្បារ និងកសាងព្រះពុទ្ធរូបជាដើម

01-03-2025 20:47

(ព្រះសីហនុ)៖ ដើម្បីលើកកម្ពស់ក្នុងវិស័យទេសចរណ៍តាមបែបព្រះពុទ្ធសាសនា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យព្រះសង្ឃព្រះចៅអធិការនៅតាមវត្តអារាមត្រូវចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ តម្រូវឲ្យគ្រប់វត្តអារាម ត្រូវរៀបចំឲ្យមានសោភ័ណភាព បរិស្ថានស្អាត ការដាំដើមឈើ រៀបចំសួនច្បារ កសាងព្រះពុទ្ធរូប ដែលទាក់ទងទៅនឹងព្រះពុទ្ធសាសនាសម្រាប់ឲ្យពុទ្ធបរិស័ទចូលមកគោរពបូជា ក៏ជាការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ

អន្តរជាតិ តាមនាវាមកចូលទស្សនាកម្សាន្តផងដែរ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគេនបច្ច័យ ជូនព្រះសង្ឃតាមបណ្ដាវត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក ព្រះសង្ឃគណៈកម្មការអាចារ្យវត្តចូលរួមផងដែរ។

អភិបាលខេត្តក៏បានបន្ថែមថា ការរៀបចំទីវត្តអារាមឱ្យមានសោភ័ណភាព បរិស្ថានស្អាត គឺបានចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ទន្ទឹមនោះវត្តនីមួយៗ ត្រូវមានសកម្មភាពក្នុងការចូលរួមចំណែក ជាមួយវិស័យទេសចរណ៍។ វិស័យព្រះពុទ្ធសាសនា បានដើរតួសយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលព្រះសង្ឃ ឱ្យមានចំណេះដឹង
ផ្នែកធម៌វិន័យ កាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត តាមបរិបទនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត សូមឱ្យព្រះសង្ឃគ្រប់វត្តចូលរួមអប់រំ ផ្សព្វផ្សាយចិត្តសាស្ត្រ ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ជាពិសេសយុវវ័យឱ្យពួកគាត់ចេះស្គាល់ចាស់ទុំ គោរពព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ និងអប់រំបញ្ហាគ្រឿងញៀន ក្មេងទំនើងជាដើម ដើម្បីឱ្យពួកគេមានការយល់ដឹងអំពីអំពើបុណ្យបាប ក្នុងវិស័យព្រះពុទ្ធសាសនា ព្រោះវត្តអារាម ជាកន្លែងតម្តល់គម្ពីបាលីនិងឯកសារផ្សេងៗក្នុងការបណ្តុះបណ្តាល នូវចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់រូប។

សូមបញ្ជាក់ផងដែរថា ចំពោះសង្ឃគ្រប់ព្រះអង្គដែលនិមន្តមកពីវត្តទាំង ៣៩ ក្នុងខេត្តព្រះសីហនុ រដ្ឋបាលខេត្ត បានរៀបចំវេរប្រគេនបច្ច័យជូន ក្នុងមួយវត្តចំនួន ១០ លានរៀល ដើម្បីយកទៅធ្វើការសាងសង់សមិទ្ធផលនានា ក្នុងវត្តឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ៕