(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News នោះ លោក វ៉ាន់ សារាយ នឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្រោមការអញ្ជើញ និងរៀបចំដោយក្រសួងការបរទេសជប៉ុន។
ដំណើរទស្សនកិច្ចពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក វ៉ាន់ សារាយ នឹងរៀបចំទស្សនកិច្ចនៅទីក្រុងតូក្យូ និងខេត្តអូសាកា។ ទស្សនកិច្ចនៅប្រទេសនាពេលនេះ លោក វ៉ាន់ សារាយ ត្រូវបានរៀបចំឱ្យមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន, អ្នកសារព័ត៌មាន NHK របស់ជប៉ុន, មន្ត្រីជាន់ខ្ពស់របស់ជប៉ុនទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍, មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។
ក្នុងដំណើរទៅកាន់ប្រទេសជប៉ុននាពេលនេះ លោក វ៉ាន់ សារាយ ក៏ត្រូវបានរៀបចំឱ្យជួបជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសជប៉ុន, ទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសិកម្ម (Sagri Co., Ltd), ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកទូរគមនាគមន៍ (NTT Network Operation Center) ដែលជាក្រុមហ៊ុនធ្លាប់មានកិច្ចសហប្រតិបត្តិការជួយដល់ការរៀបចំមជ្ឈទិន្នន័យរបស់ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ និងទស្សនកិច្ចនៅកំពង់ផែកូបេ ដែលជាកំពង់ផែមានកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
លោក វ៉ាន់ សារាយ ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនលើកទី១នៅឆ្នាំ២០១៦ ក្រោមកម្មវិធី JENESYS។ ដំណើរទស្សនកិច្ចលើកទី២នៅប្រទេសជប៉ុននាពេលនេះ លោក វ៉ាន់ សារាយ បានបង្ហាញនូវក្តីសោមនស្សជាខ្លាំង ដោយរំពឹងថា តាមរយៈព័ត៌មានផ្សេងៗដែលលោកទទួលបានក្នុងដំណើរទស្សនកិច្ចនេះ នឹងត្រូវផ្សព្វផ្សាយទូលំទូលាយ ចូលរួមចំណែកពង្រីកការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាអំពីប្រទេសជប៉ុន។
សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ មកដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ៧២ឆ្នាំហើយ។ ទំនាក់ទំនងកម្ពុជា និងជប៉ុន ត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
ទំនាក់ទំនង ត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុតមួយ គឺក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ក្នុងខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជប៉ុន ជាប្រទេសមួយ ដែលបានខិតខំរួមចំណែកដល់ដំណើរការស្វះស្វែងរកកិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា និងជាប្រទេសដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកម្ពុជា ក្រោយកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១)។ នេះជាការបញ្ជូនកម្លាំងរក្សាសន្តិភាពជាលើកដំបូងរបស់ជប៉ុន ចេញទៅក្រៅប្រទេស។
រាប់ចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសជប៉ុន គឺជាប្រទេសឈានមុខគេមួយ ដែលបានចូលរួមចំណែកក្នុងកិច្ចកសាង និងអភិវឌ្ឍន៍កម្ពុជា ចេញពីសំណល់នៃភ្លើងសង្គ្រាម។
ចាប់ពីឆ្នាំ១៩៩២មក ជប៉ុន បានផ្តល់ហិរញ្ញប្បទានសរុបជាង ៥ពាន់លានដុល្លារអាមេរិក គាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានជិត ៤ពាន់លានដុល្លារ និងឥណទានសម្បទានប្រមាណជា ២ពាន់លានដុល្លារ។
ជំនួយរបស់ជប៉ុណ បានជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធរំដោះទឹករាជធានីភ្នំពេញ ប្រព័ន្ធធារាសាស្ត្រ ការកសាងធនធានមនុស្ស ការជួសជុលប្រាសាទ និងវិស័យដទៃជាច្រើនទៀត។
សម្តេចតេជោ ហ៊ុន សែន ពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី តែងបានលើកឡើងថា ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្តាច់ពីការជួយជ្រោមជ្រែងរបស់ជប៉ុនបាននោះឡើយ៕