(ភ្នំពេញ)៖ លោក ថេង សុថល អភិបាលរងខណ្ឌច្បារអំពៅ និងលោក ប៊ូ វឌ្ឍនា នាយករងរដ្ឋបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ សហការជាមួយសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ជូនដល់ស្រ្តីអ្នកជំងឺម្នាក់ ដែលកំពុងដេកឈឺរ៉ាំរ៉ៃ ក្នុងមន្ទីរពេទ្យបង្អែកមានជ័យ។
ដោយពិនិត្យឃើញថា ស្ថានភាពជំងឺរបស់ស្ដ្រីរងគ្រោះខាងលើ កាន់តែធ្ងន់ធ្ងរទៅ លោក ថេង សុថល ក៏បានបានចាត់បញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដើម្បីសម្រាកព្យាបាលជំងឺបន្ត ក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ ពីក្រុមគ្រូពេទ្យរបស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។
ស្រ្តីអ្នកជំងឺខាងលើ មានឈ្មោះ ផន អឿន អាយុ៣៩ឆ្នាំ ជាអ្នកលក់បន្លែ មានប្ដីឈ្មោះ ជុំ រី ជាកម្មករគូលី ដោយអ្នកទាំង២មានកូនប្រុស ១នាក់ មានទីលំនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
លោកស្រី ផន អឿន បានឲ្យដឹងថា កាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានអាកាសក្បាលថ្នល់ បង្កដោយរថយន្ត១គ្រឿង ជិះមកកៀរពេលដែលគាត់កំពុងដើរឆ្លងផ្លូវ ហើយបានទាក់ដៃអាវរបស់គាត់អូសប្រមាណ ជាង១០ម៉ែត្រ។ ហេតុការណ៍នៅពេលនោះ គាត់ត្រូវរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរពេញដងខ្លួន ដូចមានរូបភាពបង្ហាញខាងក្រោមនេះ ហើយបច្ចុប្បន្ន លោកស្រីកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខាងលើ។
គ្រូពេទ្យស្មគ្រចិត្តម្នាក់ ក៏បានឲ្យដឹងដែរថា តាមរយៈការព្យាបាល ជាង១ខែមកនេះ ទោះបីជាមានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យ ក៏អាការៈរបស់គាត់មិនទាន់មានសភាពធូរស្បើយ នៅឡើយទេ ដោយសាររបួសដំបៅធ្ងន់ធ្ងរ គួបផ្សំនឹងការហូបចុកមានការខ្វះខាតទៀត ធ្វើឲ្យគាត់មានសភាពកាន់តែខ្សោយទៅៗ៕