(ភ្នំពេញ)៖ លោក អៀច សេដ្ឋា អគ្គនាយករង នៃអគ្គយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា អ្នកដែលសិក្សាគណនេយ្យហិរញ្ញវត្ថុទៅថ្ងៃមុខ ត្រូវពង្រឹងសមត្ថភាព រៀនសូត្របន្ថែម អំពីការប្រើប្រាស់ឌីជីថលថ្មីៗ ជាពិសេសការធ្វើស្វ័យប្រវត្តិកម្មការងារដដែលៗ ហើយត្រូវតែរៀនអំពី AI ថ្មីៗ ដើម្បីយកមកប្រើប្រាស់ ក្នុងការពង្រីកសមត្ថភាពហិរញ្ញវត្ថុ។

ការលើកឡើងបែបនេះរបស់លោក អៀច សេដ្ឋា បានធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធី ការដាក់ឱ្យដំណើរការប្រព័ន្ធរៀបចំ ការប្រកាសពន្ធតាមអនឡាញ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំនៅទន្លេបាសាក់២។ កម្មវិធីនេះដោយមានការអញ្ជើញចូលពី លោក ទុយ ហុង ស្ថាបនិក និងជាប្រធានក្រុមហ៊ុនឡូខលឡាយ ថេក សូលូសិន ឯក (LOCALIZE) លោក ប៊ុន សុន្ទរង្គ ជានាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) ព្រមទាំងក្រុមហ៊ុនជំនាញវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ជាច្រើនក្រុមហ៊ុនទាំងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនបរទេស។

នាឱកាសនោះដែរ លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក៏បានលើកឡើងអំពី ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (ប.វ.អ.) ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្តាលសម្រាប់ផ្លាស់ប្តូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និង ភាគីអ្នកទិញ ឬអ្នកទទួលសេវា។ ប្រព័ន្ធនេះ ក៏មានមុខងារក្នុងការផ្តល់អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យមានការបោះពុម្ពចេញនូវវិក្កយបត្រជាក្រដាសទៀតឡើយ។

លោកក៏បានបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលទើបតែត្រូវបានបង្កើតឡើងក្នុងពេលអាណិតថ្មីរបស់រាជរដ្ឋាភិបាល ដោយមានបេសកកម្មចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ អគ្គនាយកដ្ឋានបានទទួលភារកិច្ចជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការងារអភិវឌ្ឍនិងប្រតិបត្តិការប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដោយថ្មីៗនេះ​​ កាលពីខែមករា​ បានដាក់ឱ្យដំណេីរការផ្លូវការ​រួចហេីយ ដែលចាប់ផ្ដេីមអនុវត្តជាកាតព្វកិច្ចសម្រាប់ការផ្គត់ផ្គង់នៅក្រសួងចំនួន២​ និងមានគោលដៅពង្រីកការអនុវត្តជាកាតព្វកិច្ចនេះទៅកាន់ក្រសួងចំនួន១២បន្ថែមទៀតក្នុងឆ្នាំ​ ២០២៥ ស្របពេលជាមួយនឹងការជំរុញការពង្រីកការអនុវត្តដោយការស្ម័គ្រចិត្តផ្សេងទៀត។

ជាមួយគ្នានេះ លោក ទុយ ហុង បានបន្ថែមថា ផលិតផលថ្មីដែលជួយរៀបចំការប្រកាសពន្ធ ព្រោះថាការងារគណនេយ្យមិនមែនធ្វើតែគណនេយ្យមួយមុខនោះទេ។ ធ្វើយ៉ាងណាប្រកាសពន្ធជូនរដ្ឋ កន្លងមកនៅពេលដែលចង់ប្រកាសពន្ធ គឺធ្វើដោយដៃ ឬក៏រៀបចំក្រៅប្រព័ន្ធ ដូចជា «Excel» ឥឡូវនេះប្រព័ន្ធថ្មីធ្វើយ៉ាងណាឱ្យទិន្នន័យដែលវាយបញ្ចូលហើយបង្កើតជាប្រព័ន្ធ ដើម្បីប្រកាសពន្ធ ពាក្យដែលហៅថា «SIMPLIFY» គឺធ្វើយ៉ាងណាឱ្យស្រួល សាមញ្ញ ពីមុនរៀបចំពេលមួយថ្ងៃ ឬក៏កន្លះថ្ងៃ ដើម្បីប្រកាសពន្ធ តែឥឡូវនេះប្រើប្រាស់រយៈពេលត្រឹមតែ ១០ទៅ២០នាទីគឺអាចប្រកាសពន្ធបាន ហើយទិន្នន័យនេះគឺមានសុវត្ថិភាព មិនងាយខុសហើយធ្វើបានលឿន។

បច្ចុប្បន្ន គឺផ្ដោតទៅលើវិស័យឯកជនជាទូទៅហៅថា «វិស័យធុរកិច្ចឯកជន» ហើយធុរកិច្ចឯកជនភាគច្រើន គឺមានប្រព័ន្ធគណនេយ្យ ដើម្បីគ្រប់គ្រងប្រព័ន្ធគណនេយ្យ ត្រូវមានបុគ្គលិកគណនេយ្យ ឱ្យប្រព័ន្ធប្រកាសពន្ធនេះអាចជួយកាត់បន្ថយការប្រើប្រាស់ប្រចាំថ្ងៃ ពេលដែលមានប្រព័ន្ធគណនេយ្យ ហើយគ្រាន់តែភ្ជាប់ជាមួយប្រព័ន្ធគណនេយ្យប្រព័ន្ធប្រកាសពន្ធទៅហើយ ការងារប្រកាសពន្ធនេះនឹងទៅស្វ័យប្រវត្ដិ។

សូមជម្រាបដែរថា Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម SMEs។ បេសកម្មរបស់ Localize គឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់ SME ឲ្យមានការគ្រប់គ្រង គណនេយ្យត្រឹមត្រូវតាមស្តង់ដារ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីរីកចំរើនប្រកបដោយនិរន្តភាព។ នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីជាការរួមចំណែកបន្ថែមទៀត ក្នុងកិច្ចការកសាងវឌ្ឍនភាពនៃសហគ្រាសឌីជីថល ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧នេះ ក្រុមហ៊ុនបានបន្ថែមនូវ ប្រព័ន្ធឌីជីថលថ្មីមួយទៀតគឺ ប្រព័ន្ធរៀបចំការប្រកាសពន្ធ ឈ្មោះថា «SIMPLIFY» ដែលនឹងជួយសម្រួលដល់ ការងាររបស់គណនេយ្យករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋដូចជា ៖
* រៀបចំទិន្នន័យបានលឿនរហ័ស ដោយមិនបាច់បញ្ចូលឡើង ពេលភ្ជាប់ជាមួយប្រព័ន្ធគណនេយ្យ
* ប្រមូលផ្តុំទិន្នន័យនៅក្នុងប្រព័ន្ធតែមួយដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួលក្នុងត្រួតពិនិត្យនៅពេលក្រោយ
* អាចផ្ទេរការគ្រប់គ្រងពីគណនេយ្យករ ម្នាក់ទៅម្នាក់យ៉ាងស្រួល មិនបារម្មណ៍ពេលផ្លាស់ប្តូរអ្នកប្រកាសពន្ធ
* ងាយស្រួលប្រើប្រាស់ មានលំហូរការងារច្បាស់លាស់ និងមានរបាយការណ៍ជាក់លាក់៕