(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងស្នើដល់និស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រៀនឲ្យចប់ កុំបោះបង់កណ្តាលផ្លូវ និងរៀនឲ្យចេះ ដើម្បីអនាគតខ្លួនឯង។
លោកជំទាវបណ្ឌិត បានលើកឡើងថា សម្តេចតេជោ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី រួមទាំងគណៈកម្មការអាហារូបករណ៍ អ.ម.ត មិនចង់បានអ្វី ក្រៅពីនិស្សិតជយលាភីទាំងអស់ មានអនាគតល្អឡើយ។ គណៈកម្មការអាហារូបករណ៍ អ.ម.ត ទៀតសោត បានលះបង់ទាំងថវិកា និងពេលវេលា ដើម្បីជួយនិស្សិតជយលាភីទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍជាតិតែប៉ុណ្ណោះ។
លោកជំទាវបណ្ឌិត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឆ្នាំសិក្សា ២០២៤-២០២៥ ជិត ២ ០០០អង្គ/នាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា «សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីផ្ទាល់ គឺពួកលោកមិនចង់បានអ្វីពីប្អូននោះទេ។ តិចថា ចប់ហើយ ត្រូវធ្វើអ្វីជូនសម្តេចវិញ គឺអត់ទេ។ អ្វីដែលសម្តេចទាំង៣ ចង់បាន និងបងផ្ទាល់ ទាំងក្រុមការងារ គឺប្អូនយកអាហារូបករណ៍នេះទៅ ដើម្បីអនាគតរបស់ប្អូន។ ត្រូវប្រឹងរៀន។ រៀនឲ្យចប់ រៀនឲ្យចេះ ហើយដើម្បីបង្កើននូវសមត្ថភាព ដើម្បីផ្លូវជីវិត និងអនាគតរបស់ប្អូនៗទាំងអស់គ្នា»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថ្លែងជំរុញថា ទទួលអាហារូបករណ៍ហើយ លោកជំទាវបណ្ឌិតមិនចង់ឲ្យនិស្សិតជយលាភីទាំងអស់ បោះបង់ចោលកណ្តាលផ្លូវទេ ពីព្រោះមុននឹងធ្វើបែបនេះ ត្រូវគិតជាមុនសិន ហេតុអីបានជាខ្លួនដើរមកដល់ថ្ងៃនេះ៕