(កំពង់ធំ)៖ លោក មុយ មុន្និន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញបញ្ចុះបឋមសីលាកសាងមណ្ឌលសុខភាពថ្មីនៅក្នុងភូមិព្រះដំរី ស្រុកស្ទោងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
លោកបានសង្កត់ធ្ងន់ថា ការកសាងនូវមណ្ឌលសុខភាពព្រះដំរីថ្មីនេះ គឺជាគោលនយោបាយគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ និងបង្ខិតសេវាសុខាភិបាលឲ្យបានកៀក និងដល់ជណ្ដើរផ្ទះពលរដ្ឋក្នុងការផ្ដល់សេវា និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានណែនាំក្រុមគ្រូពេទ្យត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលសុខភាពនេះប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយទំនួលខុសត្រូវជាពិសេសសុខុមាលភាព សុខភាពប្រជាពលរដ្ឋ ដែលមកទទួលសេវានៅទីនេះប្រកបដោយការជឿទុកចិត្ត ផាសុកភាព និងសុវត្ថិភាពខ្ពស់បំផុត ពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ និងកុមារ។
លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ជីវភាពរស់នៅ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រស្អេកស្កះដែលកំពុងអភិវឌ្ឍន៍ស្រុកស្ទោងឱ្យកាន់តែមានភាពរីកចម្រើនជាលំដាប់។
លោកបានអំពាវនាវពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមថែរក្សាសុខភាពឱ្យបានល្អប្រសើរ ជាពិសេសថែរក្សានូវសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានឱ្យបានឋិតថេរជានិរន្ត ដែលបានមកដោយការលះបង់ខ្ពស់ បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា អគារមណ្ឌលសុខភាពព្រះដំរីថ្មីនេះមានទំហំបណ្ដោយ ១៩ម៉ែត្រ ទទឹង៩,៥ម៉ែត្រ មានកម្ពស់២ជាន់ ជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ហើយក្រុមការងារក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នករួមមាន សរុប៣១៨នាក់ ស្រី២០៥នាក់ផងដែរ៕