(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសផ្លូវការរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានកំណត់យកថ្ងៃអាទិត្យទី២ ខែមីនា ឆ្នាំ២០២៥ សម្រាប់អ្នកមូស្លីមទូតាំងប្រទេសបួស រ៉ម៉ាឌន។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា គណៈអ៊ីម៉ាំរាជធានី-ខេត្ត គណៈអ៊ីម៉ាំក្រុង ស្រុក-ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមទូទាំងប្រទេសឱ្យបានជ្រាបថា «ការចូលបួសរបស់សាសនិកឥស្លាមកម្ពុជា កំណត់យកថ្ងៃអាទិត្យ ១កើត ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦ម.ស ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥»។
សូមជម្រាបថា រ៉ម៉ាឌន ជាខែដែលបងប្អូនខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីម តមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។ របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួស នៅថ្ងៃដំបូងនៃខែរ៉ម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែរ៉ម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ប៉ាន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ម៉ាឌន។
មិនត្រឹមតែការបំពេញកតព្វកិច្ចបួសប៉ុណ្ណោះទេ នាពេលរាត្រីចូលមកដល់សាសនិកអ៉ីស្លាមទាំងបុរស នារី រួសរាន់ប្រជុំគ្នាក្នុងវិហារ តែខណ្ឌចែកដាច់ដោយឡែកមិនឲ្យឃើញគ្នាឡើយ ដើម្បីប្រតិបត្តិសឡាត(ថ្វាយបង្គុំ) «តារ៉វេះ» ដែលមានរយៈពេលច្រើនរ៉ក់អាត់ (ចំនួនដងនៃការថ្វាយបង្គុំ) ដោយនៅវិហារខ្លះ ជាមធ្យមថ្វាយបង្គុំរហូតដល់ជិតភ្លឺ ខ្លះត្រឹមម៉ោងជាង ៩តិចតួចប៉ុណ្ណោះ អាស្រ័យទៅតាមសមត្ថភាព ដោយគ្មានការបង្ខិតបង្ខំឡើយ ពោលគឺពាក្យចាស់ពោលថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន។
ខែរ៉ម៉ាឌន ជាខែដែលសាសនិកអ៉ីស្លាមគ្រប់រូបចាត់ទុកជាខែធ្វើបុណ្យ ហើយរាល់គ្នាស្រលាញ់នូវការធ្វើបុណ្យនេះណាស់ ខណៈដែលពួកគេមានជំនឿយ៉ាងមុតមាំថា គេអាចនឹងចូលសួគា៍របស់អល់ឡោះ ជាម្ចាស់តាមរយៈទ្វារដ៏ស្រស់ស្អាតនៅថ្ងៃបរលោកដែលហៅថា «ទ្វារ៉យ៉ាន»។ ផលបុណ្យដែលបងប្អូនមូស្លីមខិតខំសាងឡើងនេះ គឺស្ថិតក្នុងគោលការណ៍សន្តិភាព ហើយថែមទាំងប្រកបដោយក្ដីស្រលាញ់រវាងគ្នាថែមទៀតផង៕