(ព្រះវិហារ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីចុះកិច្ចសន្យាទិញលក់គ្រាប់ស្វាយចន្ទីសរីរាង្គស្ងួតរវាងក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក និងសហគមន៍ កសិកម្មចំនួន៥ក្នុងខេត្តព្រះវិហារ។

ពិធីនេះស្ថិតក្រោមវត្តមានលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក កានិកុ ប្រធានក្រុមហ៊ុនមីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន និងសមាជិកសហគមន៍កសិកម្មគ្រាប់ស្វាយចន្ទីទាំង៥ក្នុងខេត្តព្រះវិហារ ជាច្រើនរូបទៀត។

តាមរយៈកិច្ចសន្យាទិញ-លក់ ដែលបានធ្វើឡើងនាពេលនេះ ក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រីថេក ឯ.ក បានចុះកុងត្រាទិញគ្រាប់ស្វាយចន្ទីសរីរាង្គស្ងួត ក្នុងបរិមាណចំនួន១៥០តោន ពីកសិករសហគមន៍ចំនួន០៥ ដែលមានសមាជិក ផលិតចំនួន១៧៨គ្រួសារ លើផ្ទៃដីទំហំ៦០៤ហិកតា។

លោក មិន ស៊ីថា បានថ្លែងអំណរគុណក្រុមហ៊ុន មីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ដែលបានសហប្រតិបត្តិការជាមួយសហភាពសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទីសរីរាង្គពីបណ្តាក្រុមផលិត នៃសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក៏ដូចជាសហគមន៍កសិកម្មព្រះវិហារ ដែលបានគាំទ្រកសិករក្នុងការផលិតចន្ទីសរីរាង្គឱ្យត្រូវតាមស្តង់ដារអឺរ៉ុប និងស្តង់ដារអាមេរិកសម្រាប់លក់ឱ្យក្រុមហ៊ុន ដើម្បីធ្វើការកែច្នៃ និងនាំចេញ។

លោកបានថ្លែងបន្តថា ពិធីចុះហត្ថលេខានាពេលនេះ គឺបានបង្ហាញពីការធានាទីផ្សារចន្ទីសរី រាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលកំពុងផលិតក្នុងឆ្នាំ២០២៥ ហើយក៏ជាវេទិកាសម្រាប់ការចែករំលែក បទពិសោធន៍ស្តីពី ការអនុវត្តផលិតកម្មចន្ទីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្ដាញរវាងអ្នកផលិត និងអ្នកបញ្ជាទិញ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។

ទន្ទឹមនេះ លោកបានសំណូមពរក្រុមហ៊ុនមីរ៉ាត់ អាហ្គ្រី ថេក ឯ.ក ក៏ដូចជាអ្នកពាក់ព័ន្ធនិងអង្គការដៃគូនានា បន្តនូវប្រពៃណីនិងការជំរុញការទិញចន្ទី ក៏ដូចជាដំណាំកសិកម្មផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ដំណាំស្វាយចន្ទីជាដំណាំសំខាន់ទី៣ បន្ទាប់ពីដំណាំស្រូវ និងដំឡូងមី គិតមកដល់ឆ្នាំ២០២៥នេះ។ ខេត្តព្រះវិហារ មានផ្ទៃដីដាំដុះជាង ៣១,៨៦២ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ២៨,៩៦៥ហិកតា ទិន្នផលជាមធ្យម១.៥តោនក្នុងមួយហិកតា។ នៅឆ្នាំ២០២៤ ចំណូលរបស់កសិករបានពីការលក់គ្រាប់ស្វាយចន្ទីជាង១៩៥ពាន់លានរៀល ដែលស្មើនិងជាង ៤៨លានដុល្លារ៕