(ភ្នំពេញ)៖ តំណាងក្រសួងការងារ រួមសហការជាមួយអាជ្ញាធរខណ្ឌមានជ័យ តំណាងក្រុមហ៊ុន និងតំណាងសហជីពកម្មករនៅក្នុង រោងចក្រចំនួន២ បានចូលរួមដោះស្រាយបញ្ហាជូន កម្មករ កម្មការិនី បានដោយជោគជ័យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីធ្វើការតវ៉ា អស់រយៈពេលជាច្រើនថ្ងៃ ដោយសាតែថៅកែរោងចក្រ មិនបើកប្រាក់ជូន។
ជាក់ស្តែង នៅព្រឹកម៉ោង៩៖០០ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានសហការជាមួយលោក សន សុភាព តំណាងក្រសួងការងារ ចុះសំរបសំរួលបញ្ហាកូដកម្ម របស់កម្មករ កម្មការនី នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មករនៅក្នុងរោងចក្រនេះបានធ្វើកូដកម្មតវ៉ា ដោយត្រូវឲ្យក្រុមហ៊ុនបិទទ្វារ ឬប្តូរទីតាំងថ្មីក្រុមហ៊ុន ត្រូវទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនកម្មករកម្មការនីតាមនិតិវិធីច្បាប់ស្តីពីការងារ។
លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា ក្រោយពីការសម្របសម្រូលពី ក្រុមការងារអាជ្ញាធរ ក៏ដូចតំណាងរោងចក្រ តំណាងកម្មករ កម្មការនី សហការជាមួយ សហព័ន្ធសហជីពចំនួន៣រួមមាន សហព័ន្ធសហជីពកម្មករនិយោជិក, សហព័ន្ធសហជីពបេះដូង កម្មករខ្មែរ, សហពន្ធ័ សហជីពសម្ពន្ធ័កម្មករខ្មែរ បានឯកភាពគ្នាលើចំណុច០៤ ដូចជា តម្រូវឲ្យភាគីខាងរោងចក្រ យកសំណើរទាំងអស់នេះ ទៅពិភាក្សាជាមួយ ថៅកែរោងចក្រ ដោយទុករយៈពេលចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ខាងរោងចក្រ និង តំណាងជំនាញពាក់ព័ន្ធនិងក្រុមការងារ ជួបគ្នាម្តងទៀតដើម្បី សំរេចនៅលទ្ធផលជូនកម្មករ កម្មការនី។
ក្រៅពីនោះ ក្រុមការងារស្នើ ឲ្យរដ្ឋបាលរោងចក្ររៀបចំស្ថិតិ កម្មករ កម្មការនី លើកិច្ចសន្យាការងារដែល កម្មករ កម្មការនីចូលបំរើការងារ ទៅតាមឆ្នាំនិមួយៗ។ ចំពោះថៅកែរោងចក្រ ហាមដឹកសំភារៈ ឬក៏ឧបករណ៍ផ្សេងៗ ក្នុងរោងចក្រចេញទៅ ក្រៅករណីមិនទាន់ទូរទាត់ប្រាក់ បំណាច់មុខងារ ជូនកម្មករ កម្មការនី ។
ចំណែកឯអាជ្ញាធរខណ្ឌ និងក្រុមការងារ ក្រសួងបានសំណូមពរ សុំមិនឲ្យកម្មករ កម្មការនី ធ្វើការដង្ហែក្បួន ឬក៏ហែរញតិទៅដាក់តាម អង្គភាព ក្រសួង ជំនាញពាក់ពន្ធ័ដែលអាចបណ្តាលឲ្យខូច សណ្តាប់ធ្នាប់លើដងផ្លូវសាធារណៈ នោះជាដាច់ខាត។
ក្រោយពីការពិភាក្សាបានបញ្ចប់ កម្មករ កម្មការនី បានសម្តែងក្តីសប្បាយរីករាយ នៅពេលអាជ្ញាធរ និងតំណាងក្រសួងការងារបានចុះ ដោះស្រាយជូនមម្មករ កម្មការនី បានទាន់ពេលវេលា។
នៅថ្ងៃជាមួយគ្នានោះដែរ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ូ អឹភែរិល (ខាមបូឌា) ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅផ្លូវលូប្រាំ ក្រុមទី១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានកម្មករកម្មការនី ៥០នាក់ ក្នុងចំនោមកម្មករសរុប ៣៥០នាក់ ធ្វើកូដកម្មនៅខាងមុខរោងចក្រ។
ក្រោយមានការតវ៉ា ក្រុមហ៊ុនបានបើកការប្រជុំ នៅក្នុងរោងចក្រដោយមានការចូលរួមពីខាងក្រសួងការងា រនិងអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុន និងតំណាងសហជីពកម្មករ ធ្វើការដោះស្រាយលើចំណុច ដែលកម្មករបានទាមទារ។ ជាលទ្ធផលក្រោយមានការ ដោះស្រាយហើយ កម្មករបានឯកភាពចូលធ្វើការវិញ នៅពេលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ៕