(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហោះសារបញ្ជាក់ពីវីរុសកូវីដ១៩ ដែលឆ្លងមកសម្តេច គឺជាប្រភេទអូមីក្រុង (Omicron) ដូចគ្នានឹងប្រភេទដែលសម្តេចធ្លាប់ឆ្លងកាលពីឆ្នាំ២០២២ ក្នុងពេលដែសម្តេចចូលរួមក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៉ីដែរ។
បន្ទាប់ពីធ្វើតេស្តម្តងទៀត ឃើញនៅបន្តវិជ្ជមាននៅព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន ប៉ានស្មានថា ជំងឺកូវីដរបស់សម្តេចអាចនឹងជាសះស្បើយនៅរយៈពេល៥ថ្ងៃទៀត។
សម្តេចបានបង្ហោះសារដូច្នេះថា «បើទោះជាជំងឺកូវីដ១៩ ដែលឆ្លងមកខ្ញុំបានធូរស្រាលក៏ដោយ តែខ្ញុំនៅតែចង់ដឹងថាតើ កូវីដនេះវាជាប្រភេទពូជអ្វី?។ ឆ្លងកាត់ការរង់ចាំ៣ថ្ងៃ ពេលនេះបានដឹងថាពូជរបស់វាហើយ គឺអូមីក្រុង (Omicron) ជាប្រភេទដែលខ្ញុំធ្លាប់កើតកាលពីឆ្នាំ២០២២ ដែលត្រូវបានរកឃើញពេលខ្ញុំទៅចូលរួមប្រជុំ G20 នៅឥណ្ឌូនេស៉ីក្នុងនាមប្រធានអាស៊ាន។ ព្រឹកមិញបានធ្វើតេស្តឃើញនៅវិជ្ជមានច្រើន តែតិចជាងមុន និងប៉ាន់ស្មានថាអាច ៥ថ្ងៃទៀតទើបអស់»។
សូមជ្រាបថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសកាលយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ថា សម្ដេចបានឆ្លងជំងឺកូវីដ១៩ ជាថ្មីម្ដងទៀត បន្ទាប់ពីក្អក ហៀរសំបោរមួយយប់មួយថ្ងៃកន្លងមកនេះ។ សម្ដេចតេជោបានប្រកាសលុបចោល កម្មវិធីជួបភ្ញៀវមួយចំនួន រួមទាំងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានៅថ្ងៃទី២៦ ខែកុម្ភៈផងដែរ៕