(ភ្នំពេញ)៖ កម្លាំងអធិការខណ្ឌចំការមន បានសហការជាមួយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល+ធ្ងន់ និងអធិការខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ និងចាប់យកភស្តុតាង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសដេញកាប់ជនរងគ្រោះយកម៉ូតូ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះលេខ៤១ ផ្លូវលេខ៤៧២ ក្រុម០៦ ភូមិ០១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ការបង្ក្រាបបានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ដោយក្នុងចាប់បានជនសង្ស័យ៣នាក់ រួមមានឈ្មោះ ហេង រតន អាយុ១៨ឆ្នាំ, ឈ្មោះ លី សំណាង អាយុ២១ឆ្នាំ និងឈ្មោះ ផន សុធី អាយុ១៨ឆ្នាំ។
វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1KV-6972, ដាវកែឆ្នៃចំនួន៣ដើម និងកាំបិតផ្គាក់ចំនួន១ដើម។ បច្ចុប្បន្នអធិការដ្ឋាន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី៕