(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តនិស្សិត ឱ្យហ៊ានទទួលយកបញ្ហាប្រឈម នៃសតវត្សរ៍ទី២១ ហើយប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ពួកគេ ដើម្បីដោះសា្រយ និងបង្កើតសមទ្ធិផលវិជ្ជមាន ដល់សង្គមជាតិ និងអន្តរជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត សាន វឌ្ឍនា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបណ្ណបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន របស់និស្សិតសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា ឆ្នាំ២០២៥ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត សាន វឌ្ឍនា បានសង្កត់ធ្ងន់លើតួរនាទីយ៉ាងសំខាន់ នៃការអប់រំប្រកបដោយគុណភាព ក្នុងការជំរុញការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា។
លោកបណ្ឌិត សាន វឌ្ឍនា ក៏បានកោតសរសើរ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) ចំពោះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តោតលើឧត្តមានុភាព នៃសិក្សារបស់និសិ្សត និងការរួមចំណែក ក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយ។
សាស្រ្តាចារ្យ James Chua សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃការបង្រៀន និងការណែនាំលើគ្រប់ដំណាក់កាល នៃការសិក្សារបស់និស្សិត ដោយចាប់តាំងពីថ្នាក់វិទ្យាល័យ និងបន្តមកថ្នាក់សាកលវិទ្យាល័យ។
លោកបានលើកឡើងថា «សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា មានគោលបំណងបណ្តុះបណ្តាលនិស្សិត ដែលអាចគិតវិភាគ និងដោះស្រាយបញ្ហាប្រកបដោយថាមពល និងមានសមត្ថភាពខ្លាំងពូកែ ព្រមទាំងមានគុណតម្លៃជាបុគ្គល ដែលមានទំនួលខុសត្រូវ ក្នុងសង្គមអន្តរជាតិ»។
លោកសាស្រ្តចារ្យ បានបន្ថែមថា «យើងបាននឹងកំពុងខិតខំផ្តល់ជំនាញទាំងឡាយ ដែលនិស្សិតអាចយកទៅអនុវត្ត សម្រាប់អាជីពការងាររបស់ពួកគេបាន តាមរយៈកម្មវិធិសិក្សាតាមស្តង់ដារអប់រំ នៃប្រទេសសឹង្ហបុរី និងចក្រភពអង់គ្លេស»។
គូសបញ្ជាក់ថា សាកលវិទ្យាល័យ គ្រប់គ្រងអាស៊ីបូព៌ា បានផ្តល់ជូននូវកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ យ៉ាងទូលំទូលាយ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស និងសម្រិតសម្រាំង ដើម្បីឱ្យនិស្សិតគ្រប់រូប ក្រោយបញ្ចប់ការសិក្សារបស់ខ្លូន ទទួលបានភាពជោគជ័យ ក្នុងអាជីពការងារទាំងក្នុងស្រុក និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិ។
សាកលវិទ្យាល័យ គ្រប់គ្រងអាស៊ីបូព៌ា ក៏បានបង្កើតភាពជាដៃគូសហប្រតិបត្តិការ ដ៏មានតម្លៃជាមួយសាកលវិទ្យាល័យល្បីៗ និងឈានមុខមួយចំនួន នៅប្រទេសនានា ដោយបានផ្តល់ឱកាសល្អៗ សម្រាប់និស្សិត ជាពិសេសលើការផ្ទេរបន្តសិក្សា នៅសាលាបរទេសទាំងនោះផងដែរ៕