(ភ្នំពេញ)៖ ករណីជនបរទេសចំនួន២៣០នាក់ដែលមកធ្វើការដោយខុសច្បាប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននាពេលកន្លងទៅនោះ សមត្ថកិច្ចកម្ពុជានឹងសហការជាមួយសមត្ថកិច្ចនៃប្រទេសកំណើតរបស់ពួកគេ ដើម្បីរៀបចំនីតិវិធីនិងបែបបទបណ្តេញចេញ។
សេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចេញផ្សាយនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ជនបរទេសទាំង២៣០នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយបញ្ចប់នីតិវិធីកំណត់អត្តសញ្ញាណជនបរទេសដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សមត្ថកិច្ចបានរកឃើញថា ក្នុងចំណោមមុខសញ្ញាជនបរទេសចំនួន១២៣នាក់ ដែលបានអះអាងខ្លួនជាពលរដ្ឋថៃ មានតែ១១៩នាក់ប៉ុណ្ណោះ ដែលជាជនជាតិថៃពិតប្រាកដ ដោយឡែកជនបរទេស៤នាក់ផ្សេងទៀត មាន២នាក់ជាជនជាតិឡាវ និង២នាក់ជាជនជាតិមីយ៉ាន់ម៉ា។
ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ ជនបរទេសទាំងអស់ដែលត្រូវបានឃាត់ខ្លួន បានធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជាមានទាំងស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងស្វែងរកការងារដែលមានចំណូលខ្ពស់។ ពួកគេបំពេញការងារដោយការស្ម័គ្រចិត្ត ហើយក៏មិនដែលស្នើសុំដល់សមត្ថកិច្ចណាមួយ រួមទាំងរដ្ឋាភិបាលរបស់ពួកគេឱ្យជួយអន្តរាគមន៍ ដើម្បីបានឈប់ពីការងារ ឬបានត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ដូចអ្វីដែលអាជ្ញាធរកម្ពុជាធ្លាប់ទទួលបាននាពេលកន្លងមក។
ជាការបញ្ជាក់ ដោយសារសកម្មភាពរបស់ជនបរទេសទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់ ដោយប្រើប្រាស់ទឹកដីកម្ពុជាលួចលាក់ធ្វើសកម្មភាពចូលទៅប្រទេសដទៃផ្សេងទៀត និងដោយមិនទាន់មានបណ្តឹងជាក់លាក់របស់ជនរងគ្រោះណាមួយ សមត្ថកិច្ចកម្ពុជានឹងសហការជាមួយសមត្ថកិច្ចបរទេស ដែលជាប្រទេសកំណើតរបស់មុខសញ្ញាទាំងនោះ ដើម្បីរៀបចំនីតិវិធីនិងបែបបទបណ្តេញចេញ។
ចំពោះជនជាតិថៃចំនួន១១៩នាក់ (ស្រី៥៨នាក់) កម្ពុជានឹងប្រគល់ឱ្យភាគីថៃនៅពេលឆាប់ៗនេះ ដើម្បីយកទៅបន្តការស៊ើបអង្កេតតាមច្បាប់នៃព្រះរាជាណាចក្រថៃ៕