(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក រ៉េន រតនៈ ជំនួយការនិងជាអ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា ចំណារណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួន ទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១ អំពីបើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។
លោក រ៉េន រតនៈ បានបញ្ជាក់ដូចនេះទៀតថា «កត្ដាដែលនាំឱ្យកើតមានបញ្ហានេះ ជាអាទិ៍មានអ្នកបើកបរគ្មានវិជ្ជាជីវៈ មិនគោរពច្បាប់ និងអ្នកបើកបរប្រញាប់ដឹកអ្នកដំណើរឱ្យទាន់ពេលកំណត់»។
សូមបញ្ជាក់ដែរ កន្លងមកមិនថាតែប្រជាពលរដ្ឋទូទៅនោះទេ សូម្បីតែព្រះសង្ឃ ក៏បានផ្សព្វផ្សាយ និងមានសង្ឃដីកា ស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើបញ្ហានេះ ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺផ្លូវជាតិលេខ១ ដែលមានសភាពតូច និងមានការធ្វើចរាចរណ៍ច្រើន និងដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរវៀតណាម និងភ្ញៀវអន្តរជាតិផ្សេងទៀត ដែលធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជាតាមផ្លូវគោក៕