(កំពង់ចាម)៖ ចោរប្លន់ប្រដាប់អាវុធរហ័សនាម «ប្រេស៊ីល» ដែលបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនៅពេលចុះបង្ក្រាប រួមជាមួយបក្ខពួកម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការទាំងពីរនាក់នេះរួមមាន ទី១៖ឈ្មោះ ឯម នាង ហៅ ម៉ម ទិត្យ ហៅ ប្រេស៉ីល និងទី២៖ឈ្មោះ គិត គីមហុង អាយុ២៨ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើ។ នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនមនុស្សសរុប៥នាក់ ក្នុងនោះរកឃើញអ្នកពាក់ព័ន្ធ២នាក់ខាលើ។
ការចាប់ខ្លួនបាន គឺក្រោយពេលដែលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លើយឆ្លងជាមួយតាមទូរស័ព្ទជិត១០នាទី ស្រាប់តែជនល្មើសម្នាក់នេះ បានទម្លាក់កាំភ្លើងចុះ រួចដើរចេញមកប្រគល់ជូនសមត្ថកិច្ចតែម្តង។
ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លី K54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
ក្រោយកិច្ចប្រតិបត្តិការ លោកបានចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន១,០០០ដុល្លារ មកប្រគល់ជូនកម្លាំង ដែលត្រូវរបួស និងក្រុមគ្រួសារផងដែរ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ចោរប្លន់រហ័សនាម «ប្រេស៉ីល» គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីឃាតកម្ម។ មុនឈានដល់ការចាប់ខ្លួន សកម្មភាពចុងក្រោយរបស់ពួកគេ បានប្លន់ម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិហាន់ជ័័យ ឃុំហាន់ជ័័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕