(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត បានដាក់ចេញទិសដៅចំនួន៦ចំណុចធំៗ ដល់អនុគណៈកម្មការទាំង៦ យកទៅអនុវត្តបន្ត ដើម្បីពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។
អភិបាលខេត្ត បានដាក់ចេញបទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងពិនិត្យវឌ្ឍនភាព ការអនុវត្តស្មារតីលិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការរៀបចំតំបន់អន្ទង់អាំង(ភ្នំ១៥០០) ឱ្យក្លាយជាតំបន់បៃតងឡើងវិញ។
លោក ខូយ រីដា បានបញ្ជាក់ថា យុទ្ធនាការនៃការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ មានបីដំណាក់កាល៖ ដំណាក់កាលទី១ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស និងឃ្លុំដកហូតដី បានចំនួន២៩,៩១៤ហិកតា, ដំណាក់កាលទី២ បានចំនួន៩,៥៩៣ហិកតា និងដំណាក់កាលទី៣ បានចំនួន៤,៣៨២ហិកតា សរុបចំនួន៤៣,៨៨៩ហិកតា។ មកទល់ពេលនេះ ស្ថានភាពរបស់អនុក្រុមការងារទាំង៦ ហាក់ដូចនៅទ្រឹង ហើយនៅតាមទីតាំងដែលបានបង្ក្រាប និងឃ្លុំទុកមួយចំនួន នៅមានល្មើសកាប់រុករានថ្មី និងបន្តអាស្រ័យផល។
ត្រង់ចំណុចនេះ លោកសូមឱ្យអនុគណៈកម្មការទាំង៦ និងអាជ្ញាធរស្រុក ព្រមទាំងមន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តបទបញ្ជាឱ្យបានម៉ឺងម៉ាត់ នឹងឈានទៅប្រើវិធានការច្បាប់ ចំពោះជនល្មើស សំដៅធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
បន្ទាប់ពីបានស្តាប់ នូវការលើកឡើងនូវមតិយោបល់ និងពិភាក្សារួចមក លោក ខូយ រីដា បានដាក់ចេញ នូវទិសដៅអនុវត្តបន្ត ដូចខាងក្រោម៖
ទី១៖ ត្រូវចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ទៅលើជនល្មើស ដែលកំពុងតែធ្វើសកម្មភាពកាប់ទន្រ្ទាន នៅគ្រប់ទីតាំងទាំងអស់ ជាពិសេសចំណុចលើកំពូលភ្នំ
ទី២៖ អនុគណៈកម្មការទាំង៦ ត្រូវបន្តចុះត្រួតពិនិត្យនៅតាមទីតាំង និងគោលដៅរបស់ខ្លួន ជាពិសេសទីតាំងដែលកំពុងតែមានការកាប់ទន្រ្ទានថ្មី
ទី៣៖ ត្រូវបន្តត្រួតពិនិត្យនៅតាមទីតាំងដី ដែលបានឃ្លុំទុកកន្លងមក និងបន្តអនុវត្តវិធានការច្បាប់ ចំពោះជនល្មើសដែលនៅតែបន្តចូលទៅកាន់កាប់ទីតាំងដី
ទី៤៖ អាជ្ញាធរស្រុកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងកម្លាំងរបស់គណៈបញ្ជាការឯកភាពស្រុកនីមួយៗ ដើម្បីធ្វើយ៉ាងណា បន្តពង្រឹងយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
ទី៥៖ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តជួយអន្តរាគមន៍ ជួយទៅអនុគណៈកម្មការទាំងអស់
ទី៦៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ស្ថាប័នតុលាការ ត្រូវត្រៀមដើម្បីអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង(ភ្នំ១៥០០)៕